(សៀមរាប)៖ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភដោយមូលនិធិអង្គការសង្គមវប្បធម៌ឈើអន្ដរជាតិ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» (World Woods Days / WWD) ជាលើកដំបូងស្ដីពី «ព្រៃឈើ និងជីវិត» រយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប។
ព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» ខាងលើនេះ បានរៀបចំបើកក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន, លោកបណ្ឌិត Howard Rosen ប្រធានមូលនិធិចម្លាក់ ឈើពិភពលោក (WWDF) និងមានការចូលរួមគណៈអធិបតី ភ្ញៀវជាតិ និងអន្ដរជាតិ ជាងឈើ ជាងចម្លាក់ តន្ដ្រីករ សិល្បករ ប្រមាណ៥៥០រូប ដែលបានអញ្ជើញមកពីបណ្ដាប្រទេស ប្រមាណ១០០ ប្រទេស នៅលើពិភពលោក នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ។
លោក ខៀវ កាញារីទ្ធ បានថ្លែងថា ទិវាចម្លាក់ឈើពិភពលោកឆ្នាំ២០១៨ ស្ដីពី «ព្រៃឈើ និងជីវិត» គឺផ្ដោតការយកចិត្តទុកដាក់ លើការអប់រំ ការផ្សព្វផ្សាយ និងលើកកម្ពស់ការស្រឡាញ់ ដើមឈើ លើកកម្ពស់មេត្រីភាពបរិស្ថាន ពង្រឹងឲ្យមានការរីកដុះដាលឡើងវិញនូវជីវវត្ថុ និងពង្រីកការយល់ដឹង ឲ្យកាន់តែទូលំទូលាយ នូវការប្រើប្រាស់ឈើប្រកប ដោយនិរន្ដរភាពទៅអនាគត។
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានយកចិត្តទុកដាក់ ក្នុងការដាំគម្របព្រៃឈើឡើងវិញ នៅក្រៅតំបន់ដី សម្បាទាន អភិវឌ្ឍន៍ ក្នុងក្របខណ្ឌទូទាំងប្រទេស។
លោកបានបន្ថែមថា ក្នុងការប្រារព្ធទិវា ចម្លាក់ឈើពិភពលោកឆ្នាំ២០១៨នេះ នឹងអញ្ជើញភ្ញៀវជាតិ អន្ដរជាតិ ទៅដាំដើមឈើ ចំនួន២០០ដើម ថែមទៀត នៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ក្នុងតំបន់អង្គរផងដែរ។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា អង្គការសង្គមវប្បធម៌ឈើអន្ដរជាតិ (IWCS) អង្គការ IUFOR និង មូលនិធិទិវាឈើពិភពលោក បន្ដដាំកូនឈើចំនួនមួយម៉ឺនដើមទៀត នៅឧទ្យានរាជបណ្ឌិត្យ សភា តេជោសែន ឫស្សីត្រឹប នាខែឧសភា ខាងមុខនេះ។
លោកថា «ការប្រារព្ធនេះ រយៈពេល៥ថ្ងៃ ដែលជារយៈពេលដ៏មានតម្លៃ ដោយយើងបានឃើញកម្ពុជា កំពុងមានសុខសន្ដិភាព មានការរីកចម្រើន និងមានការអភិវឌ្ឍគ្រប់វិស័យ និងជា ប្រទេសមួយ ដែលមានខឿនវប្បធម៌ដ៏យូរលង់មកហើយ កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ ជាពិសេសការអភិរក្ស ស្មារតី សហគមន៍ជាតិ និងអន្ដរជាតិ»។
លោក ខៀវ កាញារីទ្ធ បានលើកឡើងថា កម្ពុជា សំបូរដោយសម្បត្ដិវប្បធម៌ទាំងរូបី និងរូបី បើយោងតាមទិន្នន័យ នៃការចុះបញ្ជីរសារពើភណ្ឌ មានប្រាសាទ ទួលបុរាណ ស្ថានីយ៍បុរាណ និងរមណីយដ្ឋានវប្បធម៌ ប្រវិត្ដសាស្ដ្រ ប្រមាណជិតបួនពាន់។
លោកបន្ដថា «សម្បត្ដិបេតិកភណ្ឌវប្បធម៌អរូបី ក៏យើងមានច្រើនទម្រង់ រួមមាន៖ របាំ ចម្រៀង កំណាព្យ និងសិល្បៈផ្សេងៗទៀតជាច្រើន នេះបញ្ជាក់ថា ប្រជាជនកម្ពុជា ជាជាតិសាសន៍ មួយ ដែលសម្បូណ៌ទៅដោយទេពកោសល្យសិល្បៈ និងគំនិតច្នៃប្រឌិតខ្ពស់ បង្កើតបានជាមូលដ្ឋានគ្រឹះនៃអត្ដសញ្ញាណវប្បធម៌ របស់ជាតិ»។
លោកបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន អនុប្រធាន រាជបណ្ឌិត្យសភាកម្ពុជា នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រារព្ធ «ទិវាចម្លាក់ឈើ ពិភពលោក» នៃមូលនិធិអង្គការសង្គមវប្បធម៌ឈើអន្ដរជាតិ គឺក្នុងគោលបំណងបណ្ដុះបណ្ដាល និងអប់រំមនុស្ស នៅលើពិភពលោក ឲ្យចេះស្រឡាញ់ដើមឈើ និងចូលរួមដាំដើមឈើ ព្រោះឈើ គឺជាជីវិតយើងទាំងអស់គ្នា។
លោកបណ្ឌិត បន្ដថា ការប្រារព្ធ «ទិវាចម្លាក់ឈើពិភពលោក» គឺប្រព្រឹត្ដទៅនៅថ្ងៃទី២១ មីនា ជាវៀងរាល់ឆ្នាំ។ ការប្រារព្ធ «ទិវាចម្លាក់ឈើពិភពលោក» ចាប់តាំងពីឆ្នាំ២០១៣មក ក្នុងនោះមាន៖ លើកទី១ ឆ្នាំ២០១៣ ប្រារព្ធនៅប្រទេសតង់ហ្សានៀ ក្នុងទ្វីបអាហ្រ្វិក, លើកទី២ ឆ្នាំ២០១៤ ប្រារព្ធនៅប្រទេសចិន, លើកទី៣ ឆ្នាំ២០១៥ ប្រារព្ធនៅប្រទេសទួរគឺ, លើកទី៤ ឆ្នាំ២០១៦ ប្រារព្ធនៅប្រទេសនេប៉ាល, លើកទី៥ ឆ្នាំ២០១៧ ប្រារព្ធនៅសហរដ្ឋអាមេរិក, និងលើកទី៦ «ទីវាឈើពិភពលោកឆ្នាំ២០១៨ គឺប្រារព្ធនៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ដ៏មានសារសំខាន់នេះ មានកម្មវិធី ជាច្រើនដូចជា៖ វេទិកាវិទ្យាសាស្ដ្រ សិប្បកម្មឈើ រចនាឈើ ចម្លាក់ឈើ ចម្លាក់ក្រឡឺង ចម្លាក់ប្រជាប្រីយ៍ ការផលិតសង្ហារឹម ស្ថាបត្យកម្មពីឈើ ការអប់រំកុមារស្ដីពីដើមឈើ ការសម្ដែងសិល្បៈដែលប្រើប្រាស់ឧបករណ៍ធ្វើពីឈើ ការផ្សព្វផ្សាយឯកសារទេសចរណ៍ស្ដីពី វប្បធម៌នែដើមឈើ និងការដាំដើមឈើ។
ក្រៅពីការប្រើប្រាស់ឈើ «ទិវាចម្លាក់ឈើពិភពលោក» ក៏តម្រូវឲ្យមានការផលិត និងតាំងបង្ហាញនូវរបស់របរប្រើប្រាស់ និងសង្ហារឹមដែលផលិតចេញពីឫស្សី ផ្ដៅ និងរំពាក់ជាដើម៕