(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃនេះ បានបង្ហាញទស្សនៈមួយថា លោក សម រង្ស៊ី និង លោក កឹម សុខា គឺជាឃាតកសម្លាប់ជាតិខ្លួនឯង និងសម្លាប់ម្ចាស់ឆ្នោតយ៉ាងពិតប្រាកដ បន្ទាប់ពីមានភស្តុតាងជាច្រើនបង្ហាញថា មេដឹកនាំទាំងពីរនេះ ធ្វើការបម្រើបរទេស ហើយមិនគិតពីប្រយោជន៍ជាតិ។
ការលើកឡើងរបស់ លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Asia Times បានចេញផ្សាយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិក ឈ្មោះ Berlin Rosen ត្រូវបានក្រុមចលនាសង្រ្គោះជាតិនៅក្រៅស្រុក (CNRM) របស់លោក សម រង្ស៊ី ជួលឲ្យជួយរិះរកវិធី ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ដែលទង្វើនេះត្រូវបានពលរដ្ឋខ្មែរ ចាត់ទុកជាអំពើក្បត់ជាតិកាន់តែធ្ងន់ធ្ងរឡើង ដោយក្រុមអតីតថ្នាក់ដឹកនាំបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួនឯក្រៅប្រទេសនេះ។
លោក ពេជ្រ ស្រស់ បានលើកឡើងថា ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ក្រោយព្រះបាទជ័យវរ្មន័ទី៧បានបាត់បង់អំណាច គឺផ្ទៃក្នុងប្រទេសនេះមានតែភាពឈ្លោះទាស់ទែងគ្នារហូតមកដល់សព្វថ្ងៃ ហើយបើយើងក្រឡេក ទៅមើលផលប្រយោជន៍ជាតិវិញគឺជាតិបាន វិនាសគ្មានសល់ ជាពិសេសនគរកម្ពុជាបានបាត់ បង់នូវទឹកដីយ៉ាងច្រើន សន្ធឹកសន្ធាប់ ចំពោះរាស្រ្តក្នុងសម័យកាលនីមួយៗនោះវិញគឺជួបផលលំបាក យ៉ាងពន់ពេក។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អតីតកាលគឺជាមេរៀន ប៉ុន្តែមេដឹកនាំនយោបាយខ្មែរមួយចំនួនមិនបានយកអតីតកាលធ្វើជាមេរៀននោះទេ បែរជាធ្វើរឿងបច្ចុប្បន្ន ជាន់ដាននឹងសំណៅ អតីតកាលទៅវិញ ដូចជាលោក សម រង្ស៊ី និងលោក កឹម សុខាជាដើម ដោយចង់បានអំណាចខ្លាំងពេកម្នាក់រត់ទៅសហការជាមួយបរទេសឲ្យជួយ ដើម្បីដណ្តើមអំណាច ហើយម្នាក់ទៀត ជួលបរទេសឲ្យដាក់គំនាបមកលើប្រទេសរបស់ខ្លួន ដើម្បីដណ្តើមអំណាចដូចគ្នា»។
លោកបានបន្តទៀតថា «សួរថា៖ តើសកម្មភាពរបស់ជន២នាក់ខាងលើ អាចជួយជាតិឲ្យរីកចម្រើន និងអាចសង្រ្គោះជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ឲ្យរួចផុតពីភាពក្រីក្រ បានដែរឬទេ..? ចម្លើយ៖ សកម្មភាពរបស់ជន២នាក់ខាងលើ គឺជាឃាតករសម្លាប់ជាតិឯង និងសម្លាប់ម្ចាស់ឆ្នោតរបស់ខ្លួនទៅវិញទេ។ ដូច្នេះអ្នកនយោបាយទាំងអស់ គួរធ្វើនយោបាយជាតិនិយមឲ្យខ្ជាប់ខ្ជួនទើបជាតិរីកចម្រើន ហើយ ម្ចាស់ឆ្នោតក៏អាចរួចផុតពីទុក្ខលំបាកផងដែរ ប៉ុន្តែបើអ្នកយោបាយធ្វើនយោបាយដើម្បីតែអំណាច និយម នោះជាតិនឹងបែកបាក់ខ្ទិចខ្ទីជាក់ជាមិនខាន ហើយម្ចាស់ឆ្នោតនឹងរងទុក្ខលំបាកគ្មានថ្ងៃស្បោយឡើយ»៕