(កំពង់ធំ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច បានលើកឡើងថា កត្តាសុខសន្តិភាព ដែលកើតចេញពីការដឹកនាំប្រកបដោយភាពវ័យឆ្លាត និងចក្ខុវិស័យច្បាស់លាស់ របស់ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ត្រូវតែមានការតភ្ជាប់រវាងវិស័យអាណាចក្រ និងវិស័យពុទ្ធិចក្រ។
លោកស្រី ម៉ែន សំអន បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ក្លោងទ្វារ និងសមិទ្ធផលនានា នៃមជ្ឈមណ្ឌលសាសានា វប្បធម៌ និងទេសចរណ៍សំពៅត្រៃលោក លោកត្រៃលក្ខណ៍ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកស្រី ម៉ែន សំអន បានបន្តថា សមិទ្ធិផលក្លោងទ្វារគោបុរៈ ឬហៅថាគោសមុទ្រទឹកដោះ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ គឺជាការរួមផ្សុំ នូវថវិកា របស់សប្បុរសជនជាពិសេសលោកស្រី អ៊ឹង ស៊ីស៊្រន តែ កុកឈួន ដែលអ្នកចំណាយនូវថវិកាផ្ទាល់ខ្លួនប្រកបដោយសេចក្តីជ្រះថ្លាបំផុត។ ការកសាងនូវសមិទ្ធិផលនេះទៀតសោត គឺជាការបង្ហាញនូវការគាំទ្រក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងកំពុងមានពុទ្ធបរិស័ទ ប្រមាណជាង៩៥% ទូទាំងប្រទេសមានជំនឿយ៉ាងមុតមាំ។
លោកស្រី បានបន្ថែមថា ការដែលយើងទាំងអស់គ្នាមានឱកាសបានជួបជុំគ្នានាថ្ងៃនេះដោយសារប្រទេសជាតិមានសុខសន្តិភាព ពេញបរិបូរណ៍លើផ្ទៃប្រទេស បានធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងបានផ្តល់ឱកាសឲ្យយើងគ្រប់គ្នាបានកសាង នូវសមិទ្ធផលឡើងដើម្បីចូលរួមធ្វើការអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើឲ្យប្អូនៗទាំងអស់ចូលការពារនូវសម្បត្តិវប្បធម៌ និងសមិទ្ធផលផ្សេងៗទៀត ដែលជាដួងព្រលឹងជាតិរបស់យើងកុំឲ្យអ្នកមកបំផ្លិចបំផ្លាញដូចជាការស្មូតថា ប្រាសាទតោថ្ម ប្រាសាទសំបូរព្រៃគុក មច្ឆាជាតិ រំលេចឲ្យយើងរួមគ្នាថែរក្សាទាំងអស់គ្នាក្នុងគោលបំណងរក្សាទុកឲ្យកូនចៅជំនាន់ក្រោយបានគោរព បានឃើញជារៀងរហូត។
លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ត្រ និងពីការសាងសង់ក្លោងទ្វារមជ្ឈមណ្ឌល ទេសចរណ៍វប្បធម៌ សាសនាសំពៅត្រៃ លោកត្រៃលក្ខណ៍ ដែលមានទទឹង១២.៨ ម៉ត្រ កម្ពស់២១ម៉ែត្រ និងរូបចម្លាក់សមុទ្រគោទឹកដោះ (ទាញព័ត្រ) ចំនួន ៤២រូប និងនាគខាងមុខ២ ដោយចំណាយអស់ថវិកា ៣៧ម៉ឺនដុល្លាសហរដ្ឋអាមេរិច ក្រោមការផ្តួចផ្តើមរបស់លោកស្រី ម៉ែន សំអន និងមានការចូលរួមពីសំណាក់លោកស្រី ព្រមទាំងពុទ្ធបរិស័ទទាំងទូទាំងប្រទេសផងដែរ ការអភិវឌ្ឍន៍លើគ្រប់វិស័យ មិនថាវិស័យអាណាចក្រ និងពុទ្ធចក្រ តែងតែមានការកសាងនូវសមិទ្ធិផលជាច្រើនដូចជា៖ វត្តអារាម ព្រះវិហារ ជាដើម។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មានការមានការសម្ភោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវក្លោងទ្វារ មជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ សាសនា សំពៅត្រៃលោកត្រៃលក្ខណ៍នេះ៕