(កែប)៖ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី ហ៊ុន ដានី បានជំរុញលើកទឹកចិត្តឲ្យស្ត្រីក្នុងវិស័យឯកជនចូលរួមថែរក្សាសន្តិភាព ដែលកំពុងមានដូចពេលបច្ចុប្បន្ន ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យបន្តរីកចម្រើនទៅមុខទៀត។ លោកស្រីលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយការយល់ដឹង ស្ដីពីការបញ្ជ្រាបយេនឌ័រ អនុសញ្ញាស៊ីដ (CEDAW) ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីក្នុងវិស័យទេសចរណ៍ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅខេត្តកែប។
សម្រាប់ខេត្តកែប រយៈពេល២ខែដើមឆ្នាំ២០១៨ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៣៩៥,៦៦៦នាក់ (ភ្ញៀវអន្តរជាតិ ១២,៧៤៨នាក់)។ ជាមួយគ្នានោះ សេវាកម្មទេសចរណ៍ក្នុងខេត្តភាគនិរតីមួយនេះ ក៏មានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ហើយអ្វីដែលពិសេសនោះ ស្ត្រីក៏បានចូលរួមចំណែកយ៉ាងសំខាន់ផ្នែកសេវាកម្មក្នុងវិស័យមួយនេះ។
លោកស្រី ហ៊ុន ដានី បានលើកឡើងថា ថ្វីដ្បិតតែស្ត្រីចូលរួមយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍យ៉ាងនេះក្ដី ប៉ុន្តែសង្គមខ្មែរបច្ចុប្បន្ននៅតែមានការរើសអើងចំពោះការងារមួយចំនួនដដែល ដែលនាំទៅដល់ការបន្ទាបតម្លៃស្ត្រី មាកងាយលើស្ត្រី បំពានលើសិទ្ធិជាដើម ប៉ុន្តែសូមកុំភ្លេចថា បើគ្មានស្ត្រីបម្រើការក្នុងមណ្ឌលកម្សាន្តទេ ក៏គ្មានអ្នកទៅកម្សាន្តក្នុងខារ៉ាអូខេដែរ បើគ្មានស្ត្រីរៀបចំតុបតែង និងសម្អាតសណ្ឋាគារ ផ្ទះសំណាក់ទេ ក៏គ្មានមនុស្សទៅសម្រាកនៅទីនោះដែរ ដូច្នេះការងារដែលស្ត្រីបម្រើការនោះ មិនមែនអន់ទាបដូចគេយល់ឃើញនោះទេ សំខាន់ឲ្យតែស្ត្រីខ្លួនឯងចេះផ្ដល់តម្លៃឲ្យខ្លួនឯង។
ដោយសារមនុស្សមួយចំនួនតែងតែមានការគិតខុសលើស្ត្រីយ៉ាងដូច្នេះហើយ ទើបលោកស្ត្រីអនុរដ្ឋលេខាធិការ ហ៊ុន ដានី ក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន តែងតែដឹកនាំក្រុមមន្ត្រី និងក្រុមការងារចុះផ្សព្វផ្សាយការយល់ដឹង ស្ដីពីការបញ្ជ្រាបយេនឌ័រ អនុសញ្ញាស៊ីដ (CEDAW) ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីក្នុងវិស័យទេសចរណ៍ជារឿយៗ ក្នុងគោលបំណងដើម្បីជំរុញ និងបំផុសឲ្យការចូលរួមលើកកម្ពស់តម្លៃស្ត្រីក្នុងសង្គម ក៏ដូចជាកាត់បន្ថយការរើសអើងតាមរូបភាពផ្សេងៗចំពោះស្ត្រីនៅក្នុងវិស័យទេសចរណ៍នេះតែម្ដង។
លោកស្រី ហ៊ុន ដានី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន បានខិតខំយកចិត្តទុកដាក់លើការលើកកម្ពស់តម្លៃស្ត្រីនេះយ៉ាងផុសផុល ពីព្រោះវិស័យទេសចរណ៍ជាវិស័យសំខាន់មួយ ដែលមានអ្នកបម្រើការជាស្រ្តីច្រើនជាងបុរស។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៧ ជាមួយនឹងការមកដល់នៃទេសចរអន្ដរជាតិជាង ៥.៦លាននាក់ បានបង្កើតឱកាសការងារដោយផ្ទាល់ជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត ហើយពេលបច្ចុប្បន្ន ស្ត្រីដែលបម្រើការក្នុងវិស័យទេសចរណ៍មាន ៦០% ភាគច្រើនបម្រើការនៅតាមផ្នែកសេវាស្នាក់នៅ និងសេវាកម្សាន្តនានា។
សូមជម្រាបថា បន្ទាប់បើកវគ្គបណ្ដុះបណ្ដាលខាងលើហើយ នៅថ្ងៃស្អែក លោកស្រី ហ៊ុន ដានី ក៏នឹងដឹកនាំក្រុមមន្ត្រី និងក្រុមការងារចុះសំណេះសំណាល និងផ្ដាំផ្ញើការសួរសុខទុក្ខរបស់សម្ដេតតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោករដ្ឋមន្ត្រី ថោង ខុន ជូនចំពោះស្ត្រីដែលបម្រើការនៅមណ្ឌលអាជីវកម្មទេសចរណ៍នានា ក្នុងគោលបំណងដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានា និងលើកទឹកចិត្តពួកគាត់បន្តថែរក្សាប្រពៃណី និងតម្លៃស្ត្រីខ្មែរ៕