(ភ្នំពេញ)៖ គិតត្រឹមចុងឆ្នាំ២០១៧ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិនៅទូទាំងប្រទេសកម្ពុជា សរុបចំនួន៥៧,៤២៦នាក់ ក្នុងនោះមន្ដ្រីនគរបាលជាស្ដ្រី៣,៩៣៣នាក់ ដែលក្នុងនោះកម្លាំងនគរបាលនៅថ្នាក់ជាតិ១៧,៣៧០នាក់ ស្រី១,២៩៧នាក់ និងនៅថ្នាក់ក្រោមជាតិ ៤០,០៥៦នាក់ ស្រី២,៦៣៦នាក់។ នេះបើតាមរបាយការណ៍ សន្និបាតបូកសរុបលទ្ធការងារឆ្នាំ២០១៧ និងលើកទិសដៅបន្ដ ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមីនានេះ។
របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានបញ្ជូលក្របខ័ណ្ឌថ្មីសរុប ៣,៧៤៦នាក់ (ស្រី៧៩៩ននាក់) ក្នុងនោះផ្ទេរមកពីក្រសួងស្ថាប័នក្រៅ ៥៨នាក់ (ស្រីម្នាក់) និងកាត់ចេញពីក្របខ័ណ្ឌសរុបចំនួន ១,៨៩៩នាក់ (ស្រី៦៦នាក់) ក្នុងនោះចូលនិវត្តន៍ ១,៤៩០នាក់ ស្រី៥៦នាក់។
បើតាមរបាយការណ៍ខាងលើ បានផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងសរុប ៤,៨២៧នាក់ ស្រី២៣២នាក់ ក្នុងនោះនៅថ្នាក់ជាតិ១,៨៥៦នាក់ ស្រី៩៩នាក់។ ដំឡើងឋានន្ដរស័ក្ដិសរុប ១៨,១៣១នាក់ ស្រី៩២៩នាក់ ក្នុងនោះ នៅថ្នាក់ជាតិ ៤,៣៦៧នាក់ ស្រី១៨៣នាក់ និងផ្ដល់គ្រឿងឥស្សរិយយសចំនួន ៥,១៥៣នាក់។
ក្រសួងមហាផ្ទៃ ក៏បានចាត់បញ្ជូនមន្ដ្រីនគរបាលជាតិ ទៅបណ្ដុះបណ្ដាលបំប៉នជំនាញ ក្នុងប្រទេស៥២វគ្គ សិក្ខាកាម ៦,៦៥៨នាក់ ស្រី១,១៦២នាក់ និងក្រៅប្រទេស៣៧វគ្គ សិក្ខាកាម ៥៩៣នាក់ ស្រីម្នាក់៕