(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានចំអកឡកលឿយឲ្យក្រុមប្រឆាំងនៅអូស្ត្រាលី ដែលប្រដាបត្រដុសប្រឹងធ្វើបាតុកម្មដ៏តូចច្រឡឹងមួយ ហើយស្រែកថា «មហាបាតុកម្ម» បំភ្លៃមហាជន។ សម្ដេចតេជោហៅសកម្មភាពនេះថា ជាក្ដីអាម៉ាស់មួយសម្រាប់ក្រុមប្រឆាំងដ៏ល្ងង់ខ្លៅទាំងនោះ ខណៈប្រជាពលរដ្ឋ ខ្មែរអូស្ត្រាលីដែលគាំទ្រសម្ដេច និងបានជួបសំណេះសំណាលផ្ទាល់ជាមួយសម្ដេច មានចំនួនច្រើនលើសលុបរហូតដល់ខ្ទង់ពាន់នាក់ឯណោះ។
ទិដ្ឋភាពដ៏គួរឲ្យអស់សំណើចដែលសម្ដចេតេជោ ហ៊ុន សែន លើកឡើងនេះ បានកើតឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្ត្រាលី កាលពីពេលថ្មីៗកន្លងទៅ។ ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីប្រមាណ ១៥,៧៦៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ នៅភូមិជ្រៃកោង ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា គ.ស ២០១៨។
ឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះថា៖ «អរគុណចំពោះការទទួលបដិសណ្ឋារកិច្ចនៅទីនោះ បង្ហាញឲ្យឃើញថា បងប្អូនខ្មែរយើងទោះបីទៅទីណាក៏ នៅជាខ្មែរ ហើយក៏ខ្ញុំសូមអរគុណចំពោះអ្នកដែលបានមកធ្វើបាតុកម្មប្រឆាំងខ្ញុំផងដែរ ដើម្បីបង្ហាញថា លទ្ធិប្រជាធិបតេយ្យវាបែបហ្នឹងឯង ហើយកម្លាំងដ៏តូចតាចមួយនេះ ក៏បង្ហាញឲ្យឃើញថា អ្នកគ្មានឱកាស កុំថាឡើយមកដល់ក្នុងប្រទេសកម្ពុជា សូម្បីតែអ្នកនៅក្រៅប្រទេស ក៏អ្នកគ្មានឱកាសប្រមូលមនុស្សច្រើនជាងនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំប្រទេស មិនតែគ្រាន់តែដឹកនាំប្រទេសរយៈពេលជិត៤០ឆ្នាំ មកហើយទេ តែត្រូវបន្តដឹកនាំប្រទេស១០ឆ្នាំទៀតយ៉ាងតិចខាងមុខ»។
សម្ដេចតេជោបានបន្តថា វត្តមានរបស់ប្រជាពលរដ្ឋខ្មែរអូស្ត្រាលី ដែលបានជួបសំណេះសំណាលជាមួយសម្ដេច នាពេលនោះ (អំឡុងពេលសម្ដេចអញ្ជើញ ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី) គឺជាការបង្ហាញការគាំទ្រជាក់លាស់ ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលមានមេដឹកនាំរបស់ខ្លួនទៅកាន់ ប្រទេសអូស្ត្រាលី។
បើតាមប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលបានលើកឡើងបំភ្លឺជូនមហាជនឲ្យយល់ច្បាស់នោះ ទន្ទឹមនឹងការជួបពិភាក្សាជាមួយប្រជាពលរដ្ឋខ្មែរអូស្ត្រាលី នាឱកាសនោះ ក៏មានក្រុមបាតុកម្មដ៏រញ៉េរញ៉ៃមួយផងដែរ ដែលដឹកនាំដោយក្រុមប្រឆាំងនៅប្រទេសអូស្ត្រាលី ជាមួយក្រុមមនុស្សល្ងង់ខ្លៅបន្តិចបន្តួច ហើយប្រឹងស្រែកបំភ្លៃថា «មហាបាតុកម្ម»។
ត្រង់ចំណុចដ៏គួរឲ្យខ្មាស់អៀននេះ សម្ដេចតេជោ ហ៊ុន សែន បានហៅសកម្មភាពនោះថា «មហាបាតុកម្មគេនោះ មានមនុស្ស១០០នាក់ ទល់ជាមួយមនុស្សជាង ១ពាននាក់។ អ្វីទៅដែលហៅថា មហាបាតុកម្ម? ហើយថ្ងៃចុងក្រោយគេធ្វើរួមគ្នា ធ្វើហ្នឹងបើរាប់ទៅមានឡាវ មានវៀតណាម មានភូមា មានថៃ មានហ្វីលីពីន រួចហើយអាឯងនេះទៅបន្លំទង់ (ទង់ជាតិកម្ពុជា) ជាមួយគេទៅថតឲ្យបានច្រើនតិច។ រកស៊ីឲ្យវាស្អាតស្អំតិចមើល៍។»
សូមជម្រាបថា កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។ ក្នុងដំណើរទៅកាន់ប្រទេសអូស្ត្រាលីនេះ បើទោះបីមានការតវ៉ាប្រឆាំងពីក្រុមខ្មែរមាន និន្នាការប្រឆាំងមួយក្តាប់តូចយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំតំណាងឲ្យជាតិកម្ពុជាទាំងមូល បាននាំមកនូវប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជា៕