(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ តំណាងនាយឧត្តមសេនីយ៍បណ្ឌិត ប៉ុល សារឿន អគ្គមេបញ្ជាការនៃ ខ.ភ.ម បើកវគ្គបណ្ដុះបណ្ដាលនាយទាហានសកម្មជំនាន់ទី២២ និងបិទវគ្គបណ្ដុះបណ្ដាលនាយទាហានថ្នាក់កងអនុសេនាធំ វរសេនាតូចថ្មើរជើងជំនាន់ទី១ នៃសាលានាយទាហានសកម្ម នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។
ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រា នាយរងសេនាធិការចំរុះ និងជានាយកសាលានាយទាហានសកម្ម បានឲ្យដឹងថា ក្នុងដំណាក់កាលកែទម្រង់កងយោធពលខេមរភូមិន្ទ ការកសាងធនធានមនុស្ស គឺជាអាទិភាពមួយដ៏ចំបង សាលាបានរួមចំណែកក្នុងការបណ្តុះបណ្តាលកម្មសិក្សាការីសម្រាប់បន្តវេនបានចំនួន២៣ជំនាន់ ស្មើនឹង១១៨៤នាក់ ក្នុងនោះ វគ្គនាយទាហានកងអនុសេនាធំ, វរសេនាតូច ជំនាន់ទី១ មានចំនួន៩៤នាក់ បានប្រឡងបញ្ចប់វគ្គ៩២នាក់ (ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨)។
វគ្គនាយទាហានសកម្មបាន២២ជំនាន់ បានប្រឡងបញ្ចប់វគ្គមាន១៨ជំនាន់ ក្នុងនោះនៅសល់៤ជំនាន់ទៀត ដែលត្រូវបន្តការបណ្តុះបណ្តាលមានជំនាន់ទី១៩, ជំនាន់ទី២០, ទី២១ និងបន្តការហ្វឹកហ្វឺនតាមផែនការ។ ដោយឡែក ជំនាន់ទី២២ ជាវគ្គជំនាន់ថ្មី ឆ្នាំ២០១៨ មានកម្មសិក្សាការី២០០នាក់។
នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា ដើម្បីបុព្វហេតុជាតិ ការពារសុខសន្តិភាព ការពាររាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ យុទ្ធសាស្ត្រដ៏ឈ្លាស់វៃ របស់សម្តេចតេជោ ហ៊ុន សែន អស់រយៈកាល៣៩ឆ្នាំ បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនគ្រប់វិស័យ ក្នុងនោះវិស័យកងទ័ព ក៏មានការរីកចម្រើន ឥតឈប់ឈរផងដែរ។ ការរីកចម្រើនកងទ័ព គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ផ្តល់នូវ គោលនយោបាយ ជីវភាពរស់នៅ ការហូបចុកសម្រាប់កងទ័ពគ្រប់គ្រាន់។ មានការបណ្តុះបណ្តាលកសាង ធនធានមនុស្ស ក្នុងនិងក្រៅប្រទេស គ្រប់មុខជំនាញ ក្នុងកងយោធពលខេរភូមិន្ទ ដោយសាលានាយទាហានសកម្ម ក៏បានដើរតួនាទីជាមជ្ឈមណ្ឌលបណ្តុះបណ្តាល នាយទាហានដ៏សំខាន់ ក្នុងចំណោមសាលាទាំងឡាយរបស់ ខ.ភ.ម ផងដែរ»។
នាយឧត្តមសេនីយ៍ បានជំរុញឲ្យថ្នាក់ដឹកនាំ យោធាចារ្យ នាយទាហាន និងពលទាហាន នៃសាលានាយទាហានសកម្ម ជាពិសេសកម្មសិក្សាការីទាំងអស់ បន្តបំពេញតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួន លើការបង្រៀននិងរៀនសូត្រឲ្យបានខ្លាំងក្លា ហើយបន្តចូលរួមការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងកិច្ចការពារ កសាង អភិវឌ្ឍន៍ជាតិ និងរួមគ្នាការពារជាតិដើម្បីប្រជាជន។
ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់សាលានាយទាហានសកម្ម មានអង្ករ ៥តោន, ត្រីខ ១០កេស, ស្រាបៀរ ៥០កេស, ទឹកសុទ្ធ ៥០កេស, មី ២០០កេស និងថវិកា ២០លានរៀល ព្រមទាំងបានឧបត្ថម្ភដល់យោធាចារ្យ និងនាយទាហានសាលា ចំនួន ៣៤៦នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល និងឧបត្ថដល់សិក្ខាកាម ៦១៣នាក់ ក្នុងម្នាក់ៗថវិកា ៤ម៉ឺនរៀល គ្រួសារកងទ័ពចំនួន៥២នាក់ ក្នុងមួយនាក់៤ម៉ឺនរៀលផងដែរ ព្រមទាំងជួយសាងសង់ក្លោងទ្វារសាលាមួយ កុំព្យូទ័រ០២គ្រឿង និងព្រីនធឺ០២គ្រឿង ស៊ីម៉ង់តិ៍ប្រគេនពីរវត្ត ក្នុងមួយវត្ត១០តោន៕