(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធនេះ បានបញ្ជាក់ថា ការប្រើអំពើហិង្សាទៅលើលោកបណ្ឌិត ស៊ុយ សារ៉េត ក្នុងករណីបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីប៉ុន្មានថ្ងៃមុននេះ មិនមែនជារឿងដែលត្រូវស្វាគមន៍នោះទេ វាជារឿងដែលត្រូវថ្កោលទោសតាមផ្លូវច្បាប់ និងមិនបណ្តោយ ឲ្យជនបង្ករួចខ្លួនឡើយ។
ការលើកឡើងបែបនេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បានបន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុបប្រមាណ១៥,៧៦៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ នៅភូមិជ្រៃកោង ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការប្រើអំពើហិង្សាដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះ ទាក់ទិននឹងបញ្ហាការបើកបរ គ្រោះថ្នាក់ចរាចរ មិនជារឿងដែលត្រូវស្វាគមន៍នោះទេតែជារឿងដែលត្រូវថ្កោលទោស យ៉ាងម៉ឺងម៉ាតបំផុត យើងពិតត្រូវការរួមចំណែក ពីប្រជាពលរដ្ឋេដើម្បីគោរពច្បាប់ចរាចរ ទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែយើងមិនត្រូវការប្រមូលមនុស្សដើម្បីវ៉ៃសម្លាប់មនុស្សនោះទេ»។
សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកសាស្ដ្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ដែលជាគ្រូបង្រៀន នៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានមនុស្សមួយក្រុម ខ្លះប្រដាប់ដោយដុំថ្មធំៗ ឈើ ព្រួតវាយរងរបួសយ៉ាងធ្ងន់ធ្ងរ ហូរឈាមឡើងជោគអាវ និងបំផ្លាញរថយន្ដខូចខាតយ៉ាងខ្លាំង ព្រោះតែខឹង ហើយចោទលោកបើករថយន្ដ បុករះនៅតាមផ្លូវ។ ការព្រួតគ្នាវ៉ៃទៅលើលោក ស៊ុយ សារ៉េត បានធ្វើឱ្យបណ្តាសារព័ត៌មាន និងសាធារណជនរិះគន់យ៉ាងចាស់ដៃចំពោះទង្វើអសីលធម៌នេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ច្បាស់ណាស់ថា ការគោរពច្បាប់ចរាចរណ៍ ត្រូវការចូលរួមពីប្រជាពលរដ្ឋ តែមិនត្រូវប្រើហិង្សាលើដង វិថីនោះឡើយ ពោលគឺត្រូវទុកឲ្យសមត្ថកិច្ច ចាត់វិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តខុស ឈឺចាប់ដែលមិនគួរណាកើតមានវប្បធម៌ហិង្សាបែបនេះ ហើយសូមឲ្យប្រជាពលរដ្ឋ ឬមន្ត្រីមានសមត្ថកិច្ចមេត្តាយកចិត្តទុកដាក់ចូលរួមដោះស្រាយបញ្ហានេះ ប្រសិនបើអ្នកបង្កបើក រត់ពីកន្លែងកើតហេតុ គឺត្រឹមតែទៅចាប់ឃាត់ខ្លួនដើម្បីទុកឲ្យតុលាការ ឬទុកឲ្យក្រសួងមានសមត្ថកិច្ចដោះស្រាយតាមនីតិវិធីច្បាប់។
នាយករដ្ឋមន្ត្រីដ៏មានឥទិ្ធពលរបស់កម្ពុជា បានបន្តយ៉ាងដូច្នេះថា «ព្រោះឮថាបុករះពីកន្លែងណានោះប្រឹងរត់ ឯយើងបែរជានាំគ្នាដេញវាយប្រហារសម្លាប់ ឥឡូវនេះ មិនដឹងថាតើជីវិតរបស់គាត់អាចគង់វង់បាន ឬអត់? ចំណុចនេះមិនគួរគម្បីប្រទេសកម្ពុជាយើងមានស្ថានភាពបែបនេះទេ ហើយបែបនេះមិនមែនជាសីលធម៌ របស់មនុស្សទេ តែនេះជាប្រភេទដែរយើងត្រូវតែបញ្ចៀស កុំឲ្យក្លាយទៅជាប្រទេសដែលមានអនាធិបតេយ្យ ហើយមានការសម្លាប់មនុស្សក្រៅប្រព័ន្ធបែបនេះឲ្យសោះ»។
ពាក់ព័ន្ធការបង្កអំពើហិង្សានេះដដែល បុរសខ្លាំងរបស់កម្ពុជា បានបញ្ជាឲ្យតាមចាប់ខ្លួនជនបង្កហិង្សាដទៃទៀត ដែលចូលរួមសកម្មភាពវាយដុំលើ លោកបណ្ឌិត ស៊ុយ សារ៉េត មិនត្រូវបណ្តោយឲ្យរួចខ្លួននោះឡើយ ហើយពិតជាមានភាពសោកស្តាយ និងឈឺចាប់ហេតុអ្វីមនុស្សមួយក្រុមតូចនេះ បង្កអំពើហិង្សាអសីលធម៌បែបនេះ។ តែទោះជាយ៉ាងណាជនបង្កហិង្សាត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានមួយចំនួននឹងបន្តស្វែងតាមរកចាប់ខ្លួនក្រុមជន បង្កបន្ថែមទៀត មិនត្រូវឲ្យជនពាលបែបនេះ បង្កើតឡើងនូវស្ថានភាពដែលខ្វះការទទួលខុសត្រូវចំពោះផ្នែកព្រហ្មទណ្ឌនោះទេ។
សម្តេចតេជោ បានបញ្ជាក់ថា យើងត្រូវតែខិតខំទាំងអស់គ្នាដើម្បីឲ្យប្រទសកម្ពជា មានសន្តិភាព មិនមែនគ្រាន់តែសន្តិភាពដោយគ្មាន ស្នូលកាំភ្លើងនោះទេ ក៏ប៉ុន្តែសន្តិភាពខាងផ្លូវចិត្តផងដែរ។ សូម្បីតែការធ្វើដំណើរតាមដងផ្លូវក៏ត្រូវបញ្ចៀសមិនឲ្យមានគ្រោះថ្នាក់ចចរាចរ ដែលវាកើតឡើងនៅស្ថានភាពនេះ សង្ឃឹមថាក្មួយៗនៅទីនេះ ជាពិសេសទីកន្លែងធ្វើការ៕