(កណ្តាល)៖ ក្រុមអ្នកលេងដាវសាំម៉ូរ៉ៃដែលកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅស្រុកកោះធំនោះ ត្រូវបានលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេច ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

មន្រ្តីតុលាការខេត្តកណ្តាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល លោក សេង ឡុង នៅព្រឹកថ្ងៃនេះថា ជនត្រូវចោទទាំង៦នាក់នេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ ត្រង់មាត្រា២៩ និងមាត្រា១៩៩ នៃក្រុមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងជាប់ពន្ធនាគារពី១០ទៅ១៥ឆ្នាំ។

ជនដៃដល់ និងបក្ខពួកទាំង៦នាក់រូមមាន៖ ទី​១-​ឈ្មោះ​ គាត​ សំណាង​ ហៅ​ឡេ​ង​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ មុខរបរ​រត់​តុ​ការ​ ជា​ជន​ដៃដល់​, ទី​២-​ឈ្មោះ​ ហោ​ សោ​ភ័​ណ្ឌ​(​ហៅ​ឡុ​ង​)​អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ មុខរបរ​រត់​តុ​ការ​ ជា​អ្នកចូលរួម​, ទី​៣-​ឈ្មោះ​ ឌី​ ឌឿ​ន​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រា​ម្មា​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ មុខរបរ​ មិន​ពិតប្រាកដ​, ទី​៤-​ឈ្មោះ​ បេង​ តាំង​អេ​ង អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ មុខរបរ​កាប់​ជ្រូក​លក់​, ទី​៥-​ឈ្មោះ​ វ៉ា​ន់​ សំណាង​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ធន់​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ មុខរបរ​កសិករ​ និងទី​៦-​ឈ្មោះ​ យឹម ឌីណា អាយុ១៨ឆ្នាំ ភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ។

ជនរងគ្រោះឈ្មោះ ចេក ភាព អាយុ២០ឆ្នាំ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកម្មករបើកម៉ូតូលក់ទឹកកក។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា១និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯង ចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខ័ណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូចេញពីវត្តត្រឡប់មកផ្ទះវិញ ដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្រាប់តែមានជនសង្ស័យពុំស្គាល់ អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុ ក្រោមការចង្អុលបង្ហាញពីលោកស្នងការខេត្តកណ្តាល កម្លាំងសមត្ថកិច្ច តាមឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់នាំយកមកសាកសួរ។ បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យនោះ ពួកគេធ្លាប់មានគំនុំនិងគ្នា ដោយជនរងគ្រោះធ្លាប់វាយពួកគេ១ខ្សែក្រវ៉ាត់ ទើបពួកគេបានរៀបចំសម្ភារជាដាវសាំម៉ូរ៉ៃ ជិះម៉ូតូតាមស្វែងរកជនរងគ្រោះ លុះប្រទះឃើញក៏កាប់តែម្តងទៅ តែមិនដឹងថា កាប់នោះបណ្តាលឲ្យស្លាប់នោះទេ លុះព្រឹកឡើងទើបដឹងថាស្លាប់។

ក្រោយពីឃាត់ខ្លួន នគរបាលដកហូតវត្ថតាងម៉ូតូ​ចំនួន​២​គ្រឿង​ ម៉ាក​ Honda​ SL​ ពណ៌​ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​០១​គ្រឿង​ និង​ម៉ាក ​Suzuki​ Nex​ ពណ៌​ក្រហម​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ 1U-5738​ ០១​គ្រឿង​,​ ​ដាវ​ចំនួន​ ០២​ដើម​ កាំបិត​ចំនួន​០២​ដើម​,​ ទូរស័ព្ទ​ចល័ត​ចំនួន​០៦​គ្រឿង​។ បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល៕