(ភ្នំពេញ)៖ ​នៅឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងមហាផ្ទៃ បានលុបឈ្មោះគណបក្សនយោបាយចំនួន៣៦គណបក្ស ចេញពីបញ្ជីរបស់ខ្លួន, នេះបើតាមរបាយការណ៍ ស្ដីពីលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅបន្ដឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ។

របាយការណ៍នេះ ត្រូវបានបង្ហាញនៅព្រឹកថ្ងៃទី២១​ ខែមីនា ឆ្នាំ២០​១៨នេះ ក្នុងសន្និបាតបូកសរុប ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

របាយការណ៍ដដែល បានបញ្ជាក់ថា ក្រៅពីការលុបឈ្មោះគណបក្សនយោបាយ នៅឆ្នាំ២០១៧កន្លងទៅនេះ ក៏មានផងដែរនូវ គណបក្សដែលបានបង្កើត តែមិនទាន់ចុះបញ្ជីមានចំនួន០១ ហើយក្រសួងមហាផ្ទៃ ក៏បានចុះបញ្ជីជូនគណបក្សនយោបាយថ្មីចំនួន០៣ទៀតផងដែរ។

ដោយឡែក សម្រាប់សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួន៥,២៣៤ ក្នុងនោះ សមាគម២,១១៧ អង្គការមិនមែនរដ្ឋាភិបាល ៣,១១៧។

ក្នុងឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន២៥៨ (សមាគ១២៨, អង្គការមិនមែនរដ្ឋាភិបាល១៣០) និងសហគមន៍ជនជាតិដើមភាគតិចចំនួន០៨ និងលុបឈ្មោះចេញពីបញ្ជីចំនួន២០ (សមាគម០៦ និងអង្គការមិនមែនរដ្ឋាភិបាល១៤)៕