(សៀមរាប)៖ តារាភាពយន្តដ៏ល្បីមួយរូបរបស់ម៉ាឡេស៊ី គឺអ្នកស្រី មីសែល យ៉ូ (Michelle Yeoh ) ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសុវត្ថិភាពចរាចរណ៍ផ្លូវគោកសាកល បានចុះមកបើកយុទ្ធនាការអប់រំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសកម្ពុជា ក្រោមពាក្យស្លោកថា «សុវត្ថិភាពចរាចរណ៍ចាប់ផ្តើមពីអ្នក»។
យុទ្ធនាការអប់រំពីសុវត្ថិភាពចរាចរណ៍ក្រោមទិសស្លោក «សុវត្ថិភាពចរាចរណ៍ចាប់ផ្តើមពីអ្នក» ត្រូវបានបង្កើតឡើងដោយអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក (CRY= Coalition for Road Safety ) សហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ អនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ខេត្តសៀមរាប និងក្រុមហ៊ុនព្រូដិនសល។
យុទ្ធនាការនេះត្រូវបានបើកឡើងនៅលើទឹកដីសៀមរាបអង្គរនាដើមសប្តាហ៍នេះក្រោយអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោលក ព្រមទាំងការអញ្ជើញចូលរួមផងដែរពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អ្នកស្រី មីសែល យ៉ូ រួមនិងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
នៅថ្ងៃប្រកាសបើកយុទ្ធនាការនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងតារាភាពយន្តម៉ាឡេស៊ីអ្នកស្រី មីសែល យ៉ូ បានចុះលើដងវិថីអប់រំប្រជាពលរដ្ឋពីច្បាប់ចរាចរណ៍ និងណែនាំប្រជាពលរដ្ឋពីសារៈប្រយោជន៍នៃការពាក់មួកសុវត្ថិភាពបើកបរលើដងវិថីផងដែរ។ ក្រៅពីការ អប់រំណែនាំប្រជាពលរដ្ឋហើយនោះ លោកទេសរដ្ឋមន្ត្រី និងតារាភាពយន្តម៉ាឡេស៊ី បានប្រគល់ និងពាក់មួកជូនអ្នកធ្វើដំណើរមួយចំនួន ដែលធ្វើដំណើរមិនព្រមពាក់មួកសុវត្ថិភាពផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីបើកយុទ្ធនាការនោះថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយចំនួនយានយន្ដនៅក្នុងរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសមានការកើនឡើងយ៉ាងឆាប់រហ័ស ហើយសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ចពាណិជ្ជកម្មកម្រិតជាតិ អន្តរជាតិ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងកំណើនទេសចរជាតិ អន្តរជាតិ ក៏កាន់តែមានភាពមមាញឹក ដែលជាមូលហេតុមួយនាំឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើងបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសពិការក្នុងតួលេខគួរឲ្យព្រួយបារម្ភ ដែលរាជរដ្ឋាភិបាលកម្ពុជានិងដៃគូពាក់ព័ន្ធកំពុងតែរួមគ្នាដោះស្រាយបញ្ហាប្រឈមនេះតាមគ្រប់វិធីសាស្រ្ត និងគ្រប់រូបភាពដូចជាការបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរឹតបន្តឹងជំរុញឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ និងការជួយឧបត្ថម្ភជាមួកសុវត្ថិភាពជាដើម។
«គ្រោះថ្នាក់ចរាចរដែលបានកើតឡើងគឺដោយសារតែការធ្វេសប្រហែស ការមិនទាន់យល់ដឹង និងមិនគោរពច្បាប់ចរាចរណ៍ដូចជាបើកបរម៉ូតូ ឬកង់ដោយមិនពាក់មួកសុវត្ថិភាព បើកបរនិងធ្វើដំណើរតាមរថយន្តមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព បើកបរក្រោមឥទ្ធិពលជាតិស្រវឹង បើកបរហួសល្បឿនកំណត់ និងបត់ ឬវ៉ា/ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ផ្ទុកលើសចំណុះឬសំពីងសំពោង ការមិនគោរពសិទ្ធិអាទិភាព ការប្រើទូរស័ព្ទដៃពេលកំពុងតែបើកបរ ការមិនបានត្រួតពិនិត្យលក្ខណ:យានយន្តមុននឹងធ្វើដំណើរ ការបើកបរដោយមិនមានប័ណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត និងកត្តាផ្សេងៗទៀត។ គ្រោះថ្នាក់ចរាចរណ៍ក៏បានបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្ដិអាយុជីវិតមនុស្សនិងបន្សល់ទុកនូវបញ្ហាពិការភាពកុមារកំព្រាស្រ្ដីមេម៉ាយចាស់ឥតទីពឹងនិងបញ្ហាសង្គមផ្សេងៗមួយចំនួនទៀត»។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ជាការពិតបញ្ហាទាំងអស់នេះគឺបង្កឡើងដោយបុគ្គលម្នាក់ ឬមនុស្សមួយក្រុមក៏ពិតមែន ប៉ុន្តែវាជាភារកិច្ចទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ដើម្បីទប់ស្កាត់ការស្លាប់លើដងវិថីព្រោះតែគ្រោះថ្នាក់ចរាចរនេះ រាជរដ្ឋាភិបាលបាននិងកំពុង យកចិត្តទុកដាក់ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរដោយតែងតែធ្វើការអំពាវនាវជាប្រចាំដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សិស្ស និស្សិត និងអ្នកពាក់ព័ន្ធផ្សេងទៀតឲ្យចូលរួមទប់ស្កាត់ លុបបំបាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរតាមគ្រប់រូបភាព និងសំណូមពរដល់ប្រព័ន្ធព័ត៌មាននានា ឲ្យជួយផ្សព្វផ្សាយដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងគាំទ្រជំរុញឲ្យមានការរៀបចំវេទិកាសាធារណៈ ចុះដល់លំនៅដ្ឋានដើម្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍ សុវត្ថិភាពចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ សិស្ស និស្សិតឲ្យបានជ្រួតជ្រាប ខិតខំប្រុងប្រយ័ត្នពេលធ្វើដំណើរតាមផងផ្លូវនានា។
លើសពីនោះរាជរដ្ឋាភិបាលកម្ពុជា តាមរយ:គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាននិងកំពុងតែបង្កើនកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរវាងក្រសួង ស្ថាប័ន អង្គការនានា វិស័យឯកជន ប្រជាពលរដ្ឋនិងសិស្ស និស្សិតដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ រួមគ្នាជំរុញឲ្យមានការគោរពឲ្យបានមឺងម៉ាត់នូវច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសលើមាត្រាសំខាន់ៗ ដូចជាការតម្រូវឲ្យមានការពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរតាមម៉ូតូ រួមទាំងកុមារចាប់ពីអាយុ៣ឆ្នាំឡើង ដើម្បីទប់ស្កាត់ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កពីការរងរបួសក្បាលឱ្យនៅកម្រឹតទាប និងមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានសុវត្ថិភាពចរាចរណ៍ដ៏គួរឱ្យទុកចិត្ត និងកក់ក្តៅដល់សង្គមជាតិ និងអន្តរជាតិ។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញជំនឿចិត្តថា តាមរយៈពិធីប្រកាសផ្តើមអនុវត្តន៍យុទ្ធនាការ «សុវត្ថិភាពចរាចរណ៍ចាប់ផ្តើមពីអ្នក» ដែលមានការចូលរួមជាពិសេសពីអ្នកស្រី មីសែល យ៉ូ ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសុវត្ថិភាពចរាចរណ៍ផ្លូវគោកសាកល នឹងជំរុញឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ផ្លាស់ប្តូរឥរិយាបថដែលធ្លាប់តែមិនគោរពច្បាប់ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងមឺងម៉ាត់ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងសង្គមឲ្យមានសុវត្ថិភាព សុខភាព និងកាយសម្បទាមាំទាំដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងជាជន្ទល់ក្នុងការថែរក្សា និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនប្រកបដោយចិរភាព៕