(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បានដាក់ចេញនូវទិសដៅយុទ្ធសាស្ដ្រសំខាន់ៗចំនួន៤ចំណុច ដើម្បីឲ្យមន្ដ្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ត្រូវរួមគ្នាសម្រេចឲ្យបាន។
បើតាមសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០១៨នេះ ជាឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់ ក្នុងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា និងជាឆ្នាំដែលប្រទេសកម្ពុជា ត្រូវរៀបចំការបោះឆ្នោតជាតិចំនួន២ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។
យុទ្ធសាស្ដ្រសំខាន់ៗទាំង៤ចំណុច ដែលសម្ដេចក្រឡាហោម ស ខេង ដាក់ចេញនោះរួមមាន៖
ទី១៖ បន្ដខិតខំថែរក្សា ពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអនុគ្រោះ ដល់ការរីកចម្រើនរឹងមាំបន្ថែមទៀត នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ។
ទី២៖ បន្ដជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ រួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីបង្កើនឡើងនូវកាលានុវត្តភាព (ឱកាស) ថ្មីៗបន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។
ទី៣៖ ខិតខំប្រមូលផ្ដុំបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងខិតខំដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន និងសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ពិសេសបញ្ហាទំនាស់ដីធ្លី ឲ្យដំណើរការប្រកបដោយការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ មានយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា ព្រមជាមួយនឹងការរក្សាភាពអត់ធ្មត់ខ្ពស់បំផុត ពិសេសបញ្ចៀសឲ្យបាននូវអំពើហិង្សាគ្រប់រូបភាព ដើម្បីគ្រប់គ្រងបញ្ហាមិនឲ្យរីករាលដាល។
និងទី៤៖ ពង្រឹងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មើភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងាររបស់មន្ដ្រីគ្រប់លំដាក់ថ្នាក់ ដោយខិតខំលុបបំបាត់ ឲ្យបាននូវបាតុភាពអសកម្មនានា ក្នុងគោលបំណងផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងដំណើរការគ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើកគ្រប់វិស័យ ព្រមទាំងបន្ដយកចិត្តទុកដាក់អនុវត្តនូវគោលការណ៍ និងវិធានការនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ សំដៅពង្រឹងយុត្តិធម៌ និងសមធម៌សង្គម៕