(បាត់ដំបង)៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានចុះទៅត្រួតពិនិត្យស្ថានីយ៍ប្រេងឥន្ទនៈចំនួន៧កន្លែង នៅទីរួមខេត្តបាត់ដំបង ជាលទ្ធផលរកឃើញ ស្ថានីយ៍ប្រេងទាំងនោះ លក់ប្រេងមិនគ្រប់បរិមាណ និងមិនមានគុណភាពតាមស្តង់ដារ។
ជាមួយគ្នានេះ មន្រ្តីជំនាញកាំកុងត្រូលខេត្តបាត់ដំបង ក៏បានសហការជាមួយ អគ្គនាយកដ្ឋានពិសោធន៍ និងកម្លាំងចម្រុះ បន្តចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារចំនួន៣ផងដែរ ជាលទ្ធផលរកឃើញភាពមិនប្រក្រតីមួយចំនួន ត្រូវបានមន្រ្តីជំនាញធ្វើការណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ធ្វើសកម្មភាពនេះបន្តទៀត។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងផ្នែកប្រេងឥន្ទនៈ រួមជាមួយមន្រ្តី នៃមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញដាក់លក់លើទីផ្សារចំនួន៣ផ្សារ និងស្ថានីយ៍ប្រេងឥន្ទនៈ មួយចំនួននៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក ហាក់ សុខរិន បានបន្តថា ក្នុងការចុះយុទ្ធការត្រួតពិនិត្យរយៈពេលពេញ១ថ្ងៃនេះ គឺបានចុះពិនិត្យនៅនឹងកន្លែងបានជាលទ្ធផលគឺ ផ្នែកម្ហូបអារហារចំនួន៣ផ្សារមានទី១៖ ផ្សារលើ, ទី២៖ ផ្សារបឹងឈូក និងទី៣៖ ផ្សារភូពុយ។ ដោយបានយកគំរូចំនួន១១៨គំរូ មកពិនិត្យ គឺបានរកឃើញមានតែ២គំរូ ប៉ុណ្ណោះដែលមានវត្តមានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) នៅក្នុងសសៃគុយទាវសរសៃធំ និង មីដុំសរសៃលឿង។ ផ្នែកប្រេងឥន្ទនៈត្រួតពិនិត្យចំនួន៧ស្ថានីយ៍ យើងបានរកឃើញស្ថានីយ៍ចំនួន៥ ដែលបានលួចបន្លំទាំងបរិមាណ គុណភាព និង២ស្ថានីយ៍ទៀត បានលួចបន្លំតែបរិមាណប៉ុណ្ណោះ ។
លោកប្រធានសាខាកាំកុងត្រូលបានបន្តថា បន្ទាប់ពីបានរកឃើញលទ្ធផលទាំងនេះហើយ មន្រ្តីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូលបានធ្វើការណែនាំ ដល់ពួកគេ និងចាប់ឲ្យធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពនូវការកេងបន្លំបែបនេះបន្តទៀត។
លោកក៏បានអំពាវនាវបន្ថែមទៀត ដល់អ្នកផលិតម្ហូបអាហារ អាជីវករដាក់លក់លើទីផ្សារទាំងអស់ក្នុងខេត្តបាត់ដំបង ឲ្យនាំគ្នាបញ្ឈប់លក់ម្ហូបអាហារ ដែលមានលាយសារធាតុគីមីបន្តទៀត និងស្ថានីយ៍ប្រេងឥន្ទនៈទាំងក៏បញ្ឈប់ការកេងបន្លំទាំងបរិមាណ និងគុណភាពក្នុងការលក់ជូនអតថិជន បន្តទៀតផងដែរ៕