(សៀមរាប)៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (International Coordinating Committee for Preah Vihear-ICC-PV) បានបើកសម័យប្រជុំពេញអង្គលើកទី៤ របស់ខ្លួន ក្រោមអធិបតីភាពរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ក្រោមកិច្ចសម្របសម្រួលពីសហប្រធានឥណ្ឌា-ចិន។
កិច្ចប្រជុំនេះ ក៏មានការចួលរួមពីសហប្រធាន ប្រទេសចិន និងប្រទេសឥណ្ឌា, លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ, លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ, លោកអភិបាលរងខេត្តព្រះវិហារ, អភិបាលរងខេត្តសៀមរាប, ថ្នាក់ដឹកនាំ/មន្ត្រីនៃអាជ្ញាធរជាតិព្រះវិហារ, អាជ្ញាធរជាតិអប្សរា, និងលោក Azedine BESCHAOCH, និងតំណាងអង្គការ និងអ្នកជំនាញ ជាមួយនឹងដៃគូចូលរួមសរុបប្រមាណជា ២០០នាក់។
លោក គឹម សេតារា បានថា សម័យប្រជុំពេញអង្គលើកទី៤ របស់ ICC-ព្រះវិហារនេះ គឺផ្ដោតលើការជួសជុល អភិរក្ស និងបរិស្ថាន នៅប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ហើយកិច្ចប្រជុំពេញអង្គនេះ បានពិភាក្សាលើគោលនយោបាយ និងកិច្ចសហប្រតិបត្តិការ ដោយឡែកថ្ងៃនេះផ្ដោតជាពិសេសចំពោះប្រាសាទព្រះវិហារ។
លោកបានបន្តថា ប្រាសាទព្រះវិហារមានកំពូល (កូបរ៉ាក់) ចំនួន៥កំពូល ហើយចំពោះកំពូលទី១, ទី២, និងទី៣ ជាអាទិភាពក្នុងការជួសជុល ក្នុងនោះកំពូលទី៣ គឺភាគីចិនជាអ្នកជួសជុល ហើយកូបរ៉ាក់ទី៥ គឺខាងឥណ្ឌា។ ចំពោះជណ្ដើរបុរាណខាងជើង ឥណ្ឌាក៏បានសន្យាជួសជុល ហើយនឹងយកផ្នែកខ្លះនៃកូបរ៉ាក់ទី១ផងដែរ។ ដោយសហការជាមួយចិន ចំពោះកូបរ៉ាក់ទី៤ ប្រហែលជាសហព័ន្ធរុស្ស៊ីជាអ្នកជួសជុល។
លោកក៏បានគូសបញ្ជាក់ផងដែរថា ចំពោះភាគីថៃបច្ចុប្បន្ន មានការសហការបានល្អ ហើយបានសន្យានឹងជួសជុលប្រាសាទណាមួយ ក្នុងចំណោមប្រាសាទទាំងអស់ជាង ៦០ប្រាសាទនោះ នាតំបន់ប្រាសាទកោះកេរផងដែរ។
ប្រធានអាជ្ញាធរជាតិព្រះវិហារ បានបន្ថែមទៀតថា នៅក្នុងសមាជិក ICC-ព្រះវិហារ មាន៨ប្រទេស ហើយបើសិនជារុស្ស៊ីចូលមួយទៀត នោះនឹងមាន ៩ប្រទេស។ នៅក្នុងចំណោមប្រទេសដែលជាសមាជិក ICC-ព្រះវិហារ គឺមានសកម្មភាពជួយផ្សេងៗគ្នា អ្នកខ្លះបានជួយអភិវឌ្ឍន៍សហគមន៍ អភិវឌ្ឍន៍ទេសចរណ៍ អ្នកខ្លះជួយខាងបរិស្ថានជាដើម ហើយបញ្ហាបន្ទាន់នោះ គឺទាក់ទងនឹងការគ្រប់គ្រងទឹកក្រោមដី នាដូវវស្សាមាន ការហូរច្រោះបាក់ដី ហើយនៅរដូវប្រាំងខ្វះទឹក និងការជួសជុលប្រាសាទទី៥ ដែលបានខូចខាតខ្លាំង៕