(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅមុននេះបន្តិចនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនបុគ្គល ឈ្មោះ «ម៉ារី» បានហើយនៅភូមិព្រែកគ្រឹះ ឃុំព្រែកគ្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់បទបញ្ជាឲ្យអាជ្ញាធរតាមរកបុគ្គលរូបនេះ។
ការតាមឃាត់បុគ្គលឈ្មោះ «ម៉ារី» នេះ ដោយសារតែគាត់បានទៅដើរភូតកុហកប្រជាពលរដ្ឋលើបញ្ហាប្រទេសជាតិ នៅតាមខេត្ត ក្នុងនោះមានខេត្តកែប ខេត្តកំពតជាដើម ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសអូស្រ្តាលី ដោយនិយាយថា ទទួលភាពបរាជ័យទាំងស្រុង។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងនាំខ្លួនជននេះ ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការសួរនាំចាត់វិធានការបន្តទៀត៕