(បរទេស)៖ សារព័ត៌មាន Asia Times បានចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិក ឈ្មោះ Berlin Rosen ត្រូវបានក្រុមចលនាសង្រ្គោះជាតិនៅក្រៅស្រុក (CNRM) របស់លោក សម រង្ស៊ី ជួលឲ្យជួយរិះរកវិធី ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ដែលទង្វើនេះត្រូវបានចាត់ទុកជា អំពើក្បត់ជាតិកាន់តែធ្ងន់ធ្ងរឡើង ដោយក្រុមអតីតថ្នាក់ដឹកនាំបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួនឯក្រៅប្រទេសនេះ។ នេះបើតាមការដកស្រង់ព័ត៌មានពីសារព័ត៌មាន Asia Times នៅព្រឹកថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
សេវាកម្មរបស់ក្រុមហ៊ុនខាងលើនេះ ជូនដល់ទណ្ឌិត សម រង្ស៊ី គឺជាការទាក់ទាញឲ្យអន្តរជាតិឲ្យដាក់សម្ពាធធ្ងន់ធ្ងរមកលើរដ្ឋាភិបាលកម្ពុជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងត្រូវចំណាយរហូតដល់ទៅ ២៥០,០០០ដុល្លារអាមេរិក សម្រាប់រយៈពេល០៦ខែ។ នេះបើតាមឯកសារដែលបែកធ្លាយដោយក្រុមចុះបញ្ជីភ្នាក់ងារបរទេស និងត្រូវបានពិនិត្យយ៉ាងច្បាស់លាស់ឡើងវិញ ដោយសារព័ត៌មាន Asia Times។
ចលនាសង្រ្គោះជាតិនៅក្រៅប្រទេសរបស់ទណ្ឌិត សម រង្ស៊ី មានគោលដៅចំនួនពីរ៖ ទី១ គឺចង់ឲ្យមានការធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ទៅកាន់ប្រទេសកម្ពុជាវិញ មុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការប្រកួតប្រជែងការបោះឆ្នោត ជាមួយនឹងនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទី២ គឺចលនា CNRM កំពុងតែអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិចេញពីពន្ធនាគារ។
កិច្ចព្រមព្រៀងរវាងចលនាសង្រ្គោះជាតិ CNRM របស់ទណ្ឌិត សម រង្ស៊ី និងក្រុមហ៊ុន BerlinRosen ដែលចុះហត្ថលេខាដោយលោកស្រី ជូឡុង សូមួរ៉ា ចែងយ៉ាងច្បាស់ថា ក្រុមហ៊ុននេះនឹងមិនធ្វើសកម្មភាព «បញ្ចុះបញ្ចូល» នោះទេ ប៉ុន្តែគ្រាន់តែដើរតួនាទីក្នុងនាមជា «ទីភ្នាក់ងារសាធារណៈ» និង «អ្នកពិគ្រោះនយោបាយ» សម្រាប់ចលនា CNRM នៅសហរដ្ឋអាមេរិក។ ចំពោះភាពខុសប្លែកគ្នារវាងអត្ថន័យពាក្យថា «អ្នកបញ្ចុះបញ្ចូល» និង «អ្នកពិគ្រោះយោបល់នយោបាយ» គឺហាក់ដូចជាស្រពិចស្រពិលបន្តិចនៅអាមេរិក ប៉ុន្តែបើនិយាយឲ្យចំទៅ គឺទាំងពីរនេះមានន័យដូចគ្នាតែម្តង។
ក្រុមហ៊ុន BerlinRosen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក នឹងត្រូវមានតួនាទីបញ្ជូនសារទាំងអស់របស់ចលនាសង្រ្គោះជាតិ CNRM របស់ទណ្ឌិត សម រង្ស៊ី ទៅកាន់បណ្តាសារព័ត៌មានធំៗ និងល្បីៗរបស់អន្តរជាតិ។ នៅក្នុងកិច្ចសន្យារវាង CNRM និង BerlineRosen នោះថែមទៀត ក្រុមហ៊ុនអាមេរិកនេះ នឹងត្រូវបញ្ចេញនូវអត្ថបទចំនួនពីរ ផ្ញើជូនទៅ «សារព័ត៌មានអន្តរជាតិ ដែលមានប្រសិទ្ធភាពខ្ពស់» ខណៈដែលពួកគេក៏កំពុងជួយចលនា CNRM ក្នុងការចេញផ្សាយអត្ថបទបន្ថែមទៀត ទៅកាន់បណ្តាប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើន។
អ្វីដែលសំខាន់បន្ថែមទៀតនោះ ក្រុមហ៊ុន BerlinRosen គឺតម្រូវឲ្យចូលរួមក្នុងការជម្រុញប្រព័ន្ធផ្សព្វផ្សាយសកម្ម ដែលរួមមានទាំងការសរសេរព័ត៌មានជាទៀងទាត់។ អត្ថបទមួយត្រូវបានចេញផ្សាយរួចមកហើយ កាលពីថ្ងៃទី០៩ ខែមីនាដែលបានធ្វើការអត្ថាធិប្បាយអំពីការប៉ះទង្គិចគ្នា រវាងអ្នកភូមិ និងសមត្ថកិច្ចនៅក្នុងខេត្តក្រចេះ ដោយមានការសរសេរថា កម្លាំងប្រដាប់អាវុធ បានបាញ់ប្រហារសម្លាប់លើក្រុមបាតុករ ហើយក៏លោក សម រង្ស៊ី ខិតខំឲ្យធ្វើព័ត៌មានបំប៉ោងនិងបំផ្លើសដែរ, ដែលនេះក៏ជាផ្នែកមួយនៃការជួលក្រុមហ៊ុន Berlin Rosen របស់អាមេរិកផងដែរ។
ចាប់តាំងពីការបង្កើតក្រុមចលនា CNRM ក្រុមនេះបានខិតខំប្រឹងប្រែង ដើម្បីទាក់ទាញការចាប់អារម្មណ៍ទាំងក្នុងប្រទេសកម្ពុជា និងនៅបរទេស។ ជាក់ស្តែងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែត Asia Times កាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បាននិយាយថា «ចលនា CNRM នៅតែប្តេជ្ញាចិត្តជានិច្ច ចំពោះគោលបំណងទាំង ៥ ដែលត្រូវបានដាក់ចេញកាលពីខែមករា ឆ្នាំ២០១៨»។
គោលបំណងទាំង ៥ នោះរួមមានដូចជា ការបញ្ចុះបញ្ចូលរដ្ឋាភិបាលបរទេសនានា, ការព្រមានពាណិជ្ជករអំពីគ្រោះថ្នាក់ នៃការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងការរៀបចំផែនការធ្វើបាតុកម្មដោយសន្តិវិធី ក៏ដូចជាការតស៊ូនានានៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានទាំងការធ្វើពហិការផ្នែកសេដ្ឋកិច្ចផងដែរ។
ដោយឡែកមហិច្ឆតាធំធេងបន្ថែមទៀតរបស់ ចលនាសង្រ្គោះជាតិនេះ គឺការបញ្ចុះបញ្ចូលឲ្យកងប្រដាប់អាវុធកម្ពុជា កុំប្រើប្រាស់កងកម្លាំងប្រឆាំងនឹងប្រជាជនខ្លួនឯង ហើយងាកកាណុងសំដៅទៅរករដ្ឋាភិបាល នាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាចុងក្រោយនោះ គឺគោលដៅធំៗទាំង ៥ មិនទាន់បានសម្រេចសូម្បីតែមួយចំណុចឡើយ ព្រោះសូម្បីតែនៅពេលអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោលនោះ គឺគ្មានសាធារណជនណាប្រមូលផ្តុំគ្នា ធ្វើការតវ៉ាប្រឆាំងជំទាស់ ចំពោះសាលក្រមតុលាការនោះឡើយ ទោះបីជាអតីតមេដឹកនាំ នៃអតីតគណបក្សប្រឆាំង CNRP បានខិតខំអំពាវនាវយ៉ាងណាក្តី៕