(ភ្នំពេញ)៖ តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ អគ្គនាយកកាសែតភ្នំពេញប៉ុស្តិ៍ បានចេញមុខអះអាងថា កាសែតភ្នំពេញប៉ុស្តិ៍ មិនបានប្រឈមនឹងការបិទនៅកម្ពុជាដោយសារបញ្ហាជំពាក់ពន្ធដារ  ដូចបណ្តាញសារព័ត៌មានបរទេស និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយនោះទេ។

ប្រតិកម្មបកស្រាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានបរទេស និងបណ្តាញព័ត៌មានមួយចំនួន​បានផ្សព្វផ្សាយ​ថា កាសែតភ្នំពេញប៉ុស្តិ៍ ដែលជាកាសែតវិជ្ជាជីវៈមួយនៅកម្ពុជាកំពុងប្រឈមនឹងការបិទទាំងស្រុង ដោយសារតែជំពាក់ពន្ធរដ្ឋរាប់លានដុល្លារ និងរឿងនយោបាយនៅកម្ពុជា។

កាសែតភ្នំពេញប៉ុស្តិ៍ បានអះអាងថា កាសែតភ្នំពេញប៉ុស្តិ៍បានក្លាយជាទីទុកចិត្តសម្រាប់មិត្តអ្នកអាន​នៅក្នុងប្រទេសកម្ពុជា​អស់រយៈពេល២៥ឆ្នាំ​មកហើយ ហើយខ្លួនមានការរំពឹងថា ខ្លួននឹងបន្តការងារនេះក្នុងរយៈពេលច្រើនឆ្នាំបន្តទៅមុខទៀត ហើយភ្នំពេញប៉ុស្តិ៍ជឿជាក់ថា គ្មានអ្វីពាក់ព័ន្ធទៅនឹងបញ្ហានយោបាយនោះទេ។ ភ្នំពេញប៉ុស្តិ៍បញ្ជាក់ថា បញ្ហាបង់ពន្ធ និងការចុះធ្វើអធិការកិច្ចគឺជារឿងធម្មតាប៉ុណ្ណោះសម្រាប់ការធ្វើអាជីវកម្ម។

នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះលោក គង់ វិបុល អគ្គ​នាយក នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការចុះធ្វើអធិការកិច្ចនៅតាមក្រុមហ៊ុនអាជីវកម្មនានា គឺជារឿងធម្មតាទេ សម្រាប់អគ្គនាយកដ្ឋានពន្ធដា ហើយរឿងនេះ មិនមានការពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ ដោយសារតែយើងត្រួតពិនិត្យក្រុមហ៊ុនទាំងអស់នៅក្នុងប្រទេសកម្ពុជា។ លោកអគ្គនាយកពន្ធដារសង្ឃឹមថា សាធារណជន នឹងបានយល់ច្បាស់ បន្ទាប់ពីមានការប្រកាសដោយការសែតភ្នំពេញប៉ុស្តិ៍៕