(ភ្នំពេញ)៖ បន្ទាប់ពីដឹកនាំគណៈប្រតិភូហុងកុងមកធ្វើទស្សនកិច្ចនៅកម្ពុជា អស់រយៈពេល២ថ្ងៃមក ទីបំផុតហុងកុងបានសម្រេចជ្រើសរើសប្រទេសកម្ពុជា ជាប្រទេសទី១ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកជំនួញរវាងគ្នានិងគ្នា។ នេះបើតាមការឲ្យដឹងពីលោក Edward Yau លេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃរដ្ឋបាលរដ្ឋបាលពិសេស នៃរដ្ឋបាលក្រុងហុងកុង ដែលបានដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចនៅកម្ពុជា។
ថ្លែងឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ លោក Edward Yau បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាមានភាពសប្បាយរីករាយណាស់ដែលបានមកទស្សនកិច្ចនៅកម្ពុជា ក្នុងដំណើរទស្សនកិច្ចនេះក៏មានអ្នកចូលរួមជាច្រើនផងដែរ ដែលរួមមានទាំងប្រធានក្រុមហ៊ុន, តំណាងមកពីសភាពពាណិជ្ជកម្មមកពីទីក្រុងហុងកុង, អ្នកជំនួញ, អ្នកវិជ្ជាជីវៈឯកទេស, មេធាវី, វិស្វកម្ម និងខាងធនាគារជាច្រើនទៀតផងដែរ»។
លោកបានថ្លែងទៀតថា ការមកទស្សនកិច្ចនៅកម្ពុជានេះ គឺដើម្បីស្វះស្វែងឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគ លើវិស័យផលិតកម្ម ក្នុងនោះផងដែរក៏មានសហគ្រិនវ័យក្មេងដទៃទៀត បានមកកម្ពុជាដើម្បីពិនិត្យមើល កាលានុវត្តភាពទាំងឡាយសម្រាប់ធ្វើសហប្រតិបត្តិការ រវាងក្រុងហុងកុង និងកម្ពុជា។
លោកបានបញ្ជាក់ទៀតថា «ក្នុងដំណើរទស្សនកិច្ចនេះ ហុងកុងបានសម្រេចចិត្តជ្រើសយកប្រទេសកម្ពុជា ក្នុងការធ្វើសហប្រតិបត្តិការរវាងគ្នា និងគ្នា ក៏ដូចជាដើម្បីពង្រីកនូវជំនួញ រវាងទីក្រុងហុងកុង និងប្រទេសកម្ពុជា»។
លោកបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចនេះ ក៏បានជួបនឹងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយរដ្ឋមន្រ្ដីទាំង២រូបនេះ បានជម្រាបដល់ខាងគណៈប្រតិភូហុងកុង ពីកាលានុវត្តភាពផ្នែកវិនិយោគដ៏ធំនៅកម្ពុជា ដែលកម្ពុជាអាចកាលានុវត្តភាពខាងផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវរថភ្លើង កំពង់ផែ ដែលអាចតភ្ជាប់ពីកម្ពុជាទៅកាន់តំបន់ផ្សេងៗ។
សូមបញ្ជាក់ថា គណៈប្រតិភូធុរកិច្ចហុងកុងជាន់ខ្ពស់ បានមកធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាសបេសកកម្មជំនួញមួយ ដែលរៀបចំដោយក្រុមប្រឹក្សា អភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) ដើម្បីស្វែងរកការវិនិយោគវិស័យផលិតកម្មរវាងកម្ពុជា និងហុងកុង។
សូមជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) គឺជាស្ថាប័នមួយដែលត្រូវបាន បង្កើតឡើងនៅឆ្នាំ១៩៩៦ ជាដៃគូទីផ្សារអន្តរជាតិសម្រាប់ក្រុមហ៊ុនផលិត និងអ្នកផ្តល់សេវាកម្មដែលមានមូលដ្ឋាននៅហុងកុង និងជាដៃគូទីផ្សារអន្ដរជាតិរបស់ហុងកុង សម្រាប់ក្រុមហ៊ុន, អ្នកជំនួញ និងអ្នកផ្ដល់សេវាកម្ម ដែលមានមូលដ្ឋាននៅហុងកុង ព្រមទាំងមានការិយាល័យជាង៤០នៅទូទាំងពិភពលោក៕