(សៀមរាប)៖ បើតាមកាលវេលាជាក់ស្ដែង នៅចន្លោះពីថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០១៨នេះ នឹងមានបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនៃកម្ពុជា (Equinox) នឹងកើតឡើងនៅចន្លោះរវាងពីម៉ោង ៥-៧ព្រឹក។ ស្របតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននាសប្ដាហ៍កន្លងទៅ ។
ក្នុងថ្ងៃដែលមានបាតុភូតដ៏អស្ចារ្យនេះ តែងតែមានភ្ញៀវជាតិ-អន្តរជាតិរាប់ពាន់នាក់ នឹងចូលរួមទស្សនាទិដ្ឋភាព និងផ្ដឹតយករូបភាពផ្ទាល់នៅបរិវេណប្រាង្គប្រាសាទអង្គរវត្ត ដូច្នេះសង្ឃឹមថានៅថ្ងៃស្អែក នឹងមានអាកាស់ធាតុស្រឡៈល្អ ហើយព្រះអាទិត្យនឹងរះចែងចាំងពន្លឺរស្មីចំកណ្ដាលមហាប្រាង្គប្រាសាទអង្គរវត្ត ។ ដូច្នេះ សូមសាធារណៈជន ភ្ញៀវជាតិ-អន្តរជាតិ នឹងបានចូលរូមទៅទស្សនា និងផ្ដិតយករូបភាពដោយផ្ទាល់ ផងដែរ ។
សូមបញ្ជាក់ថា៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ក៏បានឲ្យដឹងទៀតថា ដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះ ក្រសួងទេសចរណ៍ នឹងរៀបចំការប្រកួតប្រជែងថតរូបស៊ែលហ្វី (Angkor Selfie Photo Contest) លើកទីបី ក្រោមប្រធានបទ៖ «Selfie អង្គរអច្ឆរិយៈ» ដោយជ្រើសរើសរួបថតដែលមានអ្នកគាំទ្រច្រើនជាងគេពីលេខ១ ដល់លេខ៣ ដើម្បីទទួលលិខិតសរសើរចេញពីក្រសួងទេសចរណ៍ និងរង្វាន់លើកទឹកចិត្តលេខ១ ចំនួន ១លានរៀល, លេខ២ ចំនួន ៨០ម៉ឺនរៀល, និងលេខ៣ ចំនួន ៥០ម៉ឺនរៀល ផងដែរ ៕