(ភ្នំពេញ)៖ ក្នុងឱកាសចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាជាមួយអង្គការ Asia Pacific International Wine and Spirits Alliance (APIWSA) ស្ដីពី «បើពិសារគ្រឿងស្រវឹង សូមកុំបើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៨» នៅថ្ងៃទី២០ ខែមីនានេះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ក្រសួង និងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងរៀបចំនូវផែនការថ្មីបន្ថែមទៀត ដើម្បីកាត់បន្ថយកកស្ទះ និងស្លាប់ដោយសារគ្រោះថា្នក់ចរាចរណ៍ឲ្យនៅទាបបំផុត ។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងទៀតថា «ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ យើងបានបង្កើតក្រុមការងារពិសេសមួយ ដែលសម្ដេចក្រឡាហោ ស ខេង បានចុះហត្ថលេខារួចហើយ ដូចនេះនៅថ្ងៃទី២៨​ ខែមីនា ខាងមុខ ខ្ញុំដឹកនាំពិភាក្សាគ្នាជាមួយដៃគូអភិវឌ្ឍន៍ផង និងអ្នកបច្ចេកទេស រកវិធីសាស្ដ្រយ៉ាងណា ដើម្បីសម្រេចដល់គោលដៅរបស់យើង ក្នុងកាត់បន្ថយការកកស្ទះគ្រោះថ្នាក់ចរាចរណ៍នេះ» ។

លោកបន្ដថា បើតាមការសិក្សារបស់ JICA ពីមុនមក បានឲ្យដឹងថា បើបងប្អូនប្រជាពលរដ្ឋយើង ដែលប្រើប្រាស់ផ្លូវថ្នល់ ហើយគោរពច្បាប់ចរាចរណ៍ផ្លូវថ្នល់នោះ នឹងអាចកាត់បន្ថយការកកស្ទះ រហូតដល់ទៅ១៥-២០%  ដោយកន្លងមក កន្លែងគេមិនឲ្យបត់ឆ្វេង យើងទៅបត់ឆ្វេង គេឲ្យបត់១ជុំ យើងជិះបត់មកវិញ កន្លែងគេ ហាមចត យើងចត ចិញ្ចើមផ្លូវ យើងយកទៅធ្វើអាជីវកម្ម លក់ដូរផ្សេងៗ ដែលនេះហើយដែលបណ្ដាលឲ្យកកស្ទះចរាចរណ៍ ដូចនេះយើងនឹងចំនុចទាំងនេះ មកពិភាក្សាគ្នា» ។  

ទេសរដ្ឋមន្ដ្រី បានលើកឡើងថា «សព្វថ្ងៃនេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស៥នាក់ និងរបួស១៥នាក់ ក្នុងមួយថ្ងៃ យើងចង់កាត់បន្ថយ ឲ្យតិចជាងនឹង គឺកាត់បន្ថយការស្លាប់ ពី៥នាក់ មកនៅត្រឹម២នាក់ តែក៏នៅតែច្រើនដែរ​ គឺយើងមិនចង់មានតែម្ដង តែនេះ ក៏អាស្រ័យទៅលើបងប្អូនប្រជាពលរដ្ឋ ដែរត្រូវចូលរួមគោរពច្បាប់ចរារចណ៍ បន្ទាប់ពីយើងពង្រឹងអនុវត្ដន៍ច្បាប់ចរាចរណ៍ ឲ្យបានតឹងរឹង និងចុះអប់រំផ្សព្វផ្សាយនោះ»។

លោកបានគូសបញ្ជាក់ទៀតថា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែពន្លឿនការសាងសង់​ផ្លូវដែក ផ្លូវទឹក ឲ្យរួចរាល់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះ
គឺផ្លូវដែកបំបែកពីផ្លូវចាស់ ដែលចេញពីស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ផ្លូវដែកចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅស្វាយស៊ីសុផុន មានប្រវែង៤៨គីឡូម៉ែត្រ, ផ្លូវទឹក ចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ ពិសេសនោះ គឺស្ពានឆ្លងកាត់ទន្លេ ភ្នំពេញ-អរិយក្សត្រ និងភ្នំពេញ-ព្រែកតាកុយ ដែលក្រសួងសាធារណការ ក៏បានសិក្សារួចរាល់ផងដែរ តែគម្រោងនេះ មិនទាន់ស្នើសុំថវិកាពីមិត្ដចិននោះទេ ខណៈដែលប្រទេសកូរ៉ ក៏ចង់សាងសង់ស្ពានមួយ នៅកម្ពុជាដែរ ដោយកន្លងមក មានតែស្ពានមិត្ដភាពកម្ពុជា-ចិន និងស្ពានមិត្ដភាព ជប៉ុន-កម្ពុជាតែប៉ុណ្ណោះ ។

លោកថា បើស្ពាន ផ្លូវដែក ផ្លូវទឹក បានសាងសង់កាន់តែច្រើននោះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍​ បានមួយចំណែកធំផងដែរ ៕