(កំពង់ចាម)៖ ដើម្បីអនុវត្តន៍តាមគោលការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ ​នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅការងារ​ឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាប់ពីថ្នាក់វរសេនីយ៍ទោ ដល់អនុសេនីយ៍ឯក។​

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ​នាយឧត្តមសេនីយ៍ កង សុខន​ អគ្គស្នងការរង តំណាង​​នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាល​ខេត្តកំពង់ចាម។

អង្គសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត, លោកព្រះរាជអាជ្ញា លោកប្រធានសាលាដំបូងលោក លោកស្រីស្នងការរង​គ្រប់រូប លោកមេបញ្ជាការប្រដាប់​អាវុធទាំង២ លោកអភិបាល​ស្រុក ក្រុងទាំង១០ លោកអនុប្រធានផែនជំនាញគ្រប់ផែន លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ​ចំណុះស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរងនគរបាលស្រុក ក្រុងទាំង១០ លោកនាយប៉ុស្តិ៍​នគរបាលរដ្ឋបាលទាំង១០៩ប៉ុស្តិ៍ សរុប​២៨៥នាក់។

ឆ្លៀតក្នុងឱកាសអង្គសន្និបាតនោះដែរ ​នាយឧត្តមសេនីយ៍ កង សុខន បានប្រគល់នូវកុំព្យូទ័រចំនួន០៥គ្រឿង ដែលទទួលបានពីអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីផ្ដល់ជូនការិយាល័យជំនាញ និងផ្នែកអន្ដោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុក  ក្រុងចំនួន០៤សម្រាប់យកទៅអនុវត្តន៍ក្នុងកិច្ចការងារជំនាញ។

ជាចុងបញ្ចប់នៃកម្មវិធី លោក គួច ចំរើន អភិបាល​ខេត្តកំពង់ចាម ក៏បានឧបត្ថម្ភថវិកា ចំនួន​៣,០០០,០០០រៀល (បីលានរៀល)​ ដល់កម្មវិធីនាពេលរសៀលនេះផងដែរ៕