(ប៉េកាំង)៖ បន្ទាប់ពីបែកធ្លាយឯកសារទណ្ឌិត សម រង្ស៊ី បានលួចទៅចុះកិច្ចព្រមព្រៀមជាមួយលោក Kok Ksor (កុក សរ) មេដឹកនាំវៀតណាម ជនជាតិភាគតិច Degar (ដេកា) ឬម៉ុងតាញ៉ា (វៀតណាមសេរី) ពីការយល់ព្រមកាត់ខេត្តចំនួន៤ ទៅឲ្យភាគីវៀតណាម ពេលបក្សខ្លួនឈ្នះឆ្នោតនោះរួចមក បានធ្វើឲ្យគ្រប់មជ្ឈដ្ឋាន​ទាំងក្នុងប្រទេស និងក្រៅប្រទេស បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះទង្វើក្បត់ជាតិសាសន៍ខ្លួនឯងរបស់ទណ្ឌិត សម រង្ស៊ី និងមិនអាចទទួលយកបាននោះទេ។

ជាមួយគ្នានោះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក៏បានប្រកាសថ្កោលទោសខ្លាំងៗបំផុតផងដែរ ចំពោះទង្វើក្បត់ជាតិ ក្បត់ប្រជាពលរដ្ឋឯងរបស់ខ្លួនទណ្ឌិត សម រង្ស៊ី យ៉ាងដូច្នេះ។ នេះបើតាមញត្តិដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានដាក់ពាក្យបណ្តឹងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៊ី ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ាផងដែរ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកថា វីដេអូសកម្មភាព និងទង្វើដែលចុះហត្ថលេខាប្រគល់ឱ្យរដ្ឋបរទេសនូវដែនដី ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៉ី គឺជាអំពើក្បត់ជាតិយ៉ាងពិតប្រាកដ។ ដូច្នេះស្នើឱ្យតំណាងអយ្យការទទួលចាត់ការចំពោះអំពើក្បត់ជាតិ ឃុបឃិតកាត់ទឹកដីឱ្យជនបរទេសរវាងឈ្មោះ សម រង្ស៉ី និងបរទេស ប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដើម្បីផ្តន្ទាទោសតាមច្បាប់៕