(ភ្នំពេញ)៖ ក្រោយការបកអាក្រាតរបស់លោក រដ្ឋា វិសាល អតីតបុគ្គលិកវិទ្យុអាស៊ីសេរីដ៏ល្បីឈ្មោះមួយរូបប្រចាំ នៅភូមិភាគឥសាន្តជាចំហរពាក់ព័ន្ធនឹងអតីតមេរបស់ខ្លួន គឺលោក ជុន ច័ន្ទបុត្រ នាយករងគ្រប់គ្រងវិទ្យុអាស៊ីសេរីខេមរភាសារួចមក មានប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នកស្ដាប់ និងអ្នកគាំទ្ររូបលោកបាននាំគ្នាបញ្ចេញមតិថា លោក ជុន ច័ន្ទបុត្រ គួរតែចេញមុខធ្វើការបកស្រាយជាសាធារណៈថា តើការលាតត្រដាងរបស់លោក រដ្ឋា វិសាល នោះជាការពិតឬអត់?
ក្រោយអង្គភាពព័ត៌មាន Fresh News ចេញផ្សាយនូវខ្លឹមសារសម្ភាសន៏ជាមួយលោក រដ្ឋា វិសាល អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ដែលបានអះអាងថា លោក ជុន ច័ន្ទបុត្រ ពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា មានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដោយខ្លាចអាមេរិកាំងតាមបាញ់សំលាប់ដូចលោកបណ្ឌិត កែម ឡី ក៏ពឹងពាក់រូបលោកឲ្យ ទាក់ទងទៅឧត្តមសេនីយ៏ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ដើម្បីសុំកម្លាំងការពារ រួមទាំងត្អូញត្អែរថា លោកមានបំណងចាកចេញពីវិទ្យុមួយនេះ ព្រោះតែពិបាកធ្វើការងារជាមួយដោយសារតែធ្វើការងារក្រោមគំនាបអាមេរិកាំងដើម្បីបំផ្លាញខ្មែររួចមកមានពលរដ្ឋជាច្រើនដែលចង់ដឹងការពិតបានសំណូមពរសូមអោយលោកជុន ច័ន្ទបុត្រ ចេញមុខបកស្រាយជាសាធារណៈថា តើការអះអាងរបស់លោក រដ្ឋា វិសាល ខាងលើជាការពិត ឬយ៉ាងណា?។
ក្នុងនោះប្រជាពលរដ្ឋមួយចំនួនចង់ឲ្យលោក ជុន ច័ន្ទបុត្រ ធ្វើការបកស្រាយដោយផ្ទាល់តាមរយៈវិទ្យុអាស៊ីសេរី ហើយដើម្បីឲ្យមានតម្លាភាព និងតាមបែបលទ្ធិប្រជាធិបតេយ្យ ដូចអ្វីដែលខ្លួនតែងតែអះអាងនោះ ការបកស្រាយនេះ គួរតែអនុញ្ញាតអោយមិត្តអ្នកស្ដាប់ ជាពិសេសលោក រដ្ឋា វិសាល ដែលជាដៃគូ នៃរឿងដ៏អាថកំបាំងនេះ អាចទូរស័ព្ឌចូលដើម្បីសួរនាំ និងឆ្លងឆ្លើយតទល់គ្នាផងដែរ។
អតីតបុគ្គលិកវិទ្យុអាស៊ីសេរីជាច្រើននាក់ បាននាំគ្នាអះអាងថា គោលការណ៏វិទ្យុអាស៊ីសេរីមួយនេះ គឺហាមផ្ដាច់ការមានទំនាក់ទំនងជិតស្និតតាមបែបមនោសញ្ចេតនាជាមួយ នឹងមន្ត្រីរាជរដ្ឋាភិបាល ជាពិសេសគឺហាមដាច់ខាតការជួបជាសម្ងាត់ ការទទួលទានអាហារ ជប់លៀង ផឹកស៊ី ឬទទួលយកកាដូពីមន្ត្រីរាជរដ្ឋាភិបាលដោយគ្មានការ ឯកភាពពីថ្នាក់លើ។ ក្នុងនោះបើករណីនេះកើតមានឡើង ហើយថ្នាក់លើដឹងនឹងប្រឈមមុខទៅនឹងការព្រមាន ការកត់ឈ្មោះចូលក្នុងបញ្ជីខ្មៅ ឬក៏បណ្ដេញចេញតែម្ដង។ តែលោក ជុន ច័ន្ទបុត្រ មិនត្រឹមធ្វើការទាក់ទងឧត្តមសេនីយ៏ ម៉ៅ សុផាន់ ដើម្បីសុំការការពារសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងជួបទទួលទានបាយជាមួយគ្នាស្ងាត់ៗទៀតផង។
ដូច្នេះករណីលើកឡើងដោយលោក រដ្ឋា វិសាល នេះ ប្រសិនបើជាការពិតមែននោះលោកជុន ច័ន្ទបុត្រ ច្បាស់ជាប្រឈមមុខជាមួយនឹងការមិនទុកចិត្តពីថ្នាក់លើរបស់ខ្លួន ដែលជាជនជាតិអាមេរិកាំងជាមិនខានឡើយ។ ប៉ុន្តែមតិភាគច្រើនបានអះអាងថា បើមិនជាការពិតទេនោះលោក រដ្ឋា វិសាល ក៏មិនហ៊ាននិយាយចេញមកដែរ។ ដូចនេះ ដើម្បីដឹងច្បាស់មានតែការចេញមុខមកបកស្រាយ និងជួបតទល់គ្នាតែប៉ុណ្ណោះដើម្បីឲ្យមិត្តអ្នកស្ដាប់អស់ចម្ងល់ និងអស់ចិត្ត៕
ខាងក្រោមជាកិច្ចសម្ភាសន៍រវាងលោក លឹម ជាវុត្ថា ជាមួយលោក រដ្ឋា វិសាល៖
កិច្ចសម្ភាសន៍ជាមួយលោក រដ្ឋា វិសាល ប្រមាណ១២នាទី នៅរាជធានីភ្នំពេញ