(ភ្នំពេញ)៖ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋខ្មែរឲ្យចូលរួមការពារភពផែនដីក្រសួងបិរស្ថាន និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ នឹងរួមគ្នាប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានដែល Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ទិវាមួយម៉ោងសម្រាប់ភពផែនដីនៅឆ្នាំ២០១៨នេះ នឹងធ្វើឡើងក្រោមប្រធានបទ «ផ្សារភ្ជាប់ទំនាក់ទំនងជាមួយផែនដី» ដោយផ្តោតសំខាន់លើការអភិរក្សជីវៈចម្រុះ។
ទិវានឹងចាប់ផ្តើមធ្វើឡើងចាប់ពីម៉ោង ១៧៖៣០នាទី ដល់ម៉ោង ២០៖៣០នាទីនៅមុខបរិវេណទីស្តីការក្រសួងបរិស្ថាន។ ក្រសួងបរិស្ថានបានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងដើម្បីផ្សព្វផ្សាយដល់សាធារណជនទូទៅ អ្នកសារព័ត៌មាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ក្នុងន័យបង្កើតការយល់ដឹងអំពីវិស័យបរិស្ថាន ដើម្បីឈានទៅរកការចូលរួមពីប្រជាពលរដ្ឋម្នាក់ៗក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ។
កម្មវិធីនេះក៏មានទិសដៅលើកទឹកចិត្តដល់យុវជនឲ្យចូលរួមយ៉ាងសកម្មក្នុងកិច្ចគាំពារបរិស្ថានរួមទាំងផ្សារភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជនឲ្យមានការគិតគូរ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា៕