(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានសម្រេចគ្រោងនាំយកគ្រឿងចក្រទៅឈូសឆាយកិនគៀរបង្ហាប់ និងចាក់អាចម៌ដីបន្ថែម ក្នុងការបើកការដ្ឋានស្ថាបនាបើកផ្លូវលំ២ខ្សែ នឹងធ្វើឲ្យរួចជាស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះ ជូនប្រជាពលរដ្ឋមានភាពងាយស្រួលធ្វើដំណើរ ចេញចូលលំនៅដ្ឋានក្នុងការប្រកបរបរទទួលទាន។
ការសម្រេចចិត្តបែបនេះរបស់ លោក ម៉ូវ ម៉ានិត បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ នៅភូមិសែនសុខទី៤ និងភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នាពេលលោកអមដំណើរដោយ មន្ដ្រីរាជការពាក់ព័ន្ធ ចុះត្រួតពិនិត្យជាក់ស្ដែងអំពីស្ថានភាពផ្លូវនានា ក្រោយទទួលបានសំណូមពរក្នុងការប្រើកញ្ចប់ថវិការបស់រដ្ឋបាលខណ្ឌ ដើម្បីធ្វើការដោះស្រាយឲ្យទាន់ពេលវេលា និងជួយសម្រួលដល់ការធ្វើដំណើរចេញចូលលំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ម៉ូវ ម៉ានិត បានថ្លែងថា ការគ្រោងបើកការដ្ឋានស្ថាបនាជួសជុល បើកផ្លូវលំចំនួន២ខ្សែ ដែលមានប្រវែង៥៩០ម៉ែត្រ ដោយខ្សែផ្លូវទី១៖មានប្រវែង ១៤០ម៉ែត្រ និងទទឹង០៦ម៉ែត្រ និងខ្សែផ្លូវទី២៖មានប្រវែង ៤៥០ម៉ែត្រ និងទទឹង០៨ម៉ែត្រខាងលើនេះដែរ បានធ្វើឡើងក្រោយពីទទួលបានសំណូមពរពីមន្ត្រី និងប្រជាពលរដ្ឋ ដោយប្រើកញ្ចប់ថវិការបស់រដ្ឋបាលខណ្ឌ។
ដើម្បីចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលា ដែលជាសេវាតម្រូវការនៅចំពោះមុខមួយ ដែលក្នុងនាមអាជ្ញាធរ ចាំបាច់ណាស់ត្រូវតែធ្វើការដោះស្រាយ តាមលទ្ធភាពដែលអាចធ្វើទៅបានលើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលកើតមាននៅតាមមូលដ្ឋាននីមួយៗ ដូចជាបញ្ហាផ្លូវ បញ្ហាកកស្ទះប្រព័ន្ធលូជាដើម ដើម្បីឆ្លើយតបភ្លាមៗ ឲ្យទាន់សភាពការណ៍តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញថា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព»៕