(ឧត្តរមានជ័យ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញឲ្យអាជ្ញាធរ និងមន្ត្រីអង្គភាពជំនាញពាក់ព័ន្ធ ដើរតួជាអ្នកផ្សព្វផ្សាយលើកកម្ពស់កិត្តិនាម និងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិន សំដៅនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចជូនប្រជាជន និងប្រទេសជាតិ។
សំណើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មថ្មីខេត្តឧត្តរមានជ័យ ដែលរៀបចំឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅសាលាខេត្តឧត្តរមានជ័យ ដែលមានការចូលរួមពីក្រុមប្រឹក្សាខេត្ត អាជ្ញាធរដែនដី និងមន្ត្រីរាជការចំនួន ២៤០នាក់។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសំណូមពរដល់មន្ត្រី និងផ្នែកពាក់ព័ន្ធទាំងអស់ រួមគ្នាផ្សព្វផ្សាយអំពីតម្រូវការទីផ្សារក្រៅប្រទេសដល់ផលិតករ និងប្រជាកសិករ ព្រមទាំងជួយបំផុសជំរុញចលនា «ខេត្ដមួយ ផលិតផលមួយ» ឲ្យបានទូលំទូលាយ ដើម្បីកៀងគរវិនិយោគិន ឲ្យចូលមកធ្វើជំនួញ និងវិនិយោគនៅក្នុងមូលដ្ឋាន សំដៅបង្កើតការងារ កាត់បន្ថយចំណាកស្រុក និងបង្កើនប្រាក់ចំណូលជូនខេត្ត និងប្រជាជន។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់យ៉ាងដូច្នេះ «កត្តាសំខាន់មួយ ក្នុងចំណោមកត្តាសំខាន់ដទៃទៀតគឺ យើងត្រូវចេះជួយរកទីផ្សារ ថែរក្សាទីផ្សារ និងឆ្លើយតបនឹងអ្វីដែលជាតម្រូវការទីផ្សារពិតប្រាកដ។ ចេះបង្កភាពងាយស្រួល ផ្តល់បរិយាកាសល្អ និងសុវត្ថិភាពដល់ពាណិជ្ជករ អាជីវករ និងវិនិយោគិន ហើយត្រូវធ្វើយ៉ាងណាឱ្យពួកគាត់ មានការជឿទុកចិត្ដមកលើយើងដែលជាសមត្ថកិច្ច»។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្តទៀតថា ដោយសារខេត្តឧត្តរមានជ័យមានសក្តានុពលខាងផ្នែកកសិកម្ម ការធ្វើប្រតិភូកម្មនៃការចេញវិញ្ញាបនបត្របញ្ចាក់ប្រភពដើមទំនិញទម្រង់ (D) សម្រាប់នាំចេញកសិផលចេញក្រៅប្រទេស គឺជាកិច្ចការសំខាន់មួយ ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈ ហើយមន្ត្រីត្រូវចេះសហការផ្តល់ព័ត៌មានឲ្យបានគ្រប់គ្រាន់ជូនភាគីពាក់ព័ន្ធ។
«យើងត្រូវបំផុសឲ្យប្រជាពលរដ្ឋ ចេះធ្វើការបង្កបង្កើនផល និងដំាដំណាំ បន្លែ ផែ្លឈើផ្សេងៗ សម្រាប់ផ្គត់ផ្គង់ភ្ញៀវទេសចរនៅតាមសណ្ឋាគារ និងភោជនីយដ្ឋាននានានៅក្នុងខេត្ត ក៏ដូចជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ ឲ្យបានអតិបរិមា»។ លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បន្ថែម។
គួររំលឹកដែរថា ក្នុងទិសដៅសម្រួលការអភិវឌ្ឍវិស័យឯកជន ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ក្រសួងពាណិជ្ជកម្ម កន្លងមកបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ និងគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់បរិយាសកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេស។ ការតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មថ្ងៃនេះ គឺជាការរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មី ដើម្បីផ្តល់សេវាសាធារណៈជូនវិស័យឯកជន ជាពិសេសផលិតករ អាជីវករ និងប្រជាកសិករ ក្នុងខេត្តឧត្តរមានជ័យ ឲ្យកាន់តែមានប្រសិទ្ធភាព៕