(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ក្រគរ ក្រុងក្រចេះ បានលើកឡើងថា ស្ពានទ្រុឌទ្រោមចំនុន២កន្លែង នៅសង្កាត់ក្រគរ ប្រឈមនឹងបាក់ស្រុត ឬបង្កគ្រោះថ្នាក់ដោយសាររថយន្ដយីឌុប ដឹកខ្សាច់ផ្ទុកលើសទម្ងន់ឆ្លងកាត់ជារៀងរាល់ថ្ងៃ ទោះជាមន្ទីរជំនាញបានដាក់ស្លាកសញ្ញាឃាមឃាត់ រថយន្ដផ្ទុកលើសទម្ងន់យ៉ាងក៏ដោយ តែរថយន្ដផ្ទុកលើសទម្ងន់ទាំងនោះ នៅតែបន្ដដឹកខ្សាច់ឆ្លងកាត់ដដែល។
ពលរដ្ឋបន្ដទៀតថា បើអាជ្ញាធរមិនចុះធ្វើការហាមឃាត់រថយន្ដយីឌុប ដឹកខ្សាច់ទាំងនោះទេ ស្ពានទាំង២កន្លែងនោះ នឹងបាក់ថ្ងៃណាមួយមិនខានឡើយ ព្រោះពេលរថយន្ដឆ្លងកាត់ម្ដងៗ ពួកធ្វើដំណើរពីក្រោយ ព្រលឹងចុងសក់ព្រោះស្ពានញ័រ រំជួយយ៉ាងខ្លាំង ហើយរថយន្ដដឹកខ្សាច់ទាំងនោះ ដឹកចេញពីចំណុចការដ្ឋានបូមខ្សាច់របស់ លោក មៀច ម៉ុច ស្ថិតនៅភូមិឬស្សីចារ ឃុំថ្មក្រែ ស្រុកចិត្របុរី បន្ដទៅស្រុកស្នួល ជាប់ព្រំដែនវៀតណាម។
លោក រ័ត្ន តុលា អនុប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តក្រចេះ បញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះថា ទីតាំងបូមខ្សាច់របស់ លោក មៀច ម៉ុច នេះមានច្បាប់អនុញ្ញាត្តពីក្រសួងរ៉ែ និងថាមពល ហើយចំពោះរថយន្ដដែលដឹកជញ្ជូនខ្សាច់នោះឆ្ពោះទៅ ស្រុកស្នួល និងទៅខេត្តមណ្ឌលគីរី តែខាងមន្ទីរកំពុងតាមដានមើលខ្លាចក្រុមឈ្មួញទាំងនោះ លួចនាំចេញទៅប្រទេសវៀតណាម ព្រោះច្បាប់មិនអនុញ្ញាតឲ្យខ្សាច់ចេញក្រៅប្រទេសនោះទេ។
ដោយឡែក លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា លោកបានដាក់ផ្លាកសញ្ញា ស្ពានទ្រុឌទ្រោមជាសាធារណៈ ហើយហាមរថយន្ដផ្ទុកលើសទម្ងន់ ជាពិសេសរថយន្ដខ្នាតធំៗ បើបុគ្គលណានៅតែប្រព្រឹត្តដឹកឆ្លងកាត់បាក់ស្ពាន ត្រូវទទួលខុសត្រូវដោយខ្លួនឯង។ លោកបានបន្ដថា លោកបានស្នើគំរោងសាងសង់ស្ពានទាំង២នោះដែរ ប៉ុន្តែគំរោងថវិកាធ្លាក់មិនទាន់ មកដល់ទើបមិនទាន់បានសាងសង់៕