(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ បានប្រកាសថា នឹងធ្វើតាមសំណើរផ្សេងៗ របស់ក្រុមអាជីវកផ្សារច្បារអំពៅ ដែលរងគ្រោះដោយសារភ្លើងឆេះនាពេលកន្លងទៅ ហើយក៏មិនតម្រូវឲ្យអាជីវករបង់ប្រាក់ ចំពោះការជួសជុលផ្សារឡើងវិញឡើយ។
បើតាមអភិបាលរាជធានីភ្នំពេញ សំណើរបស់អាជីវករ ដែលស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យជួយសាងសង់ដំបូលរួម តាមរយៈរដ្ឋបាលរាជធានីនោះ គឺសម្តេចតេជោ ហ៊ុន សែន បានយល់ព្រម ដោយចាត់បញ្ជូនលោកផ្ទាល់ ដឹកនាំមន្ត្រីជំនាញ ចុះជួបក្រុមអាជីវករ និងប្រកាសជូនអាជីវករភ្លាមៗ បន្ទាប់ពីមានការឯកភាពពីសម្ដេចតេជោ។
អភិបាលរាជធានីភ្នំពេញ បានប្រកាសបន្ថែមថា ដំបូលរួមរបស់ផ្សារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជួយសាងសង់ទាំងស្រុង ចំណែកហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សាររដ្ឋបាលរាជធានី សាលាខណ្ឌច្បារអំពៅ ជាអ្នកជួយស្ថាបនា ហើយតូប គឺជាបន្ទុកអាជីវករធ្វើដោយខ្លួនឯង តាមទំហំដែលមានស្រាប់។
លោក ឃួង ស្រេង បានបញ្ជាក់នៅចំពោះមុខអាជីវករថា ការសាងសង់ផ្សារច្បារអំពៅឡើងវិញ គឺមិនឲ្យមានការដំឡើងចំនួនតូបឡើយ ហើយបើបងប្អូនទទួលបានព័ត៌មានថា មានការដំឡើងចំនួនតូបនោះ សូមរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរនឹងមានវិធានការភ្លាម។ ទោះបីជាយ៉ាងណាក្តីលោកបានសំណួមពរដល់បងប្អូនអាជីវករទាំងអស់ ជួយចូលរួមលើបញ្ហាអនាម័យបរិស្ថាន ក្នុងផ្សារឲ្យបានល្អ។
ជាមួយគ្នានេះ ក្រុមអាជីវករក៏សាទរ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធររាជធានី សាលាខណ្ឌច្បារអំពៅ គ្រប់ផ្នែកទាំងអស់ក្នុងការជួយខ្នះខ្នែងដល់ពួកគាត់នៅគ្រានេះ។
សូមបញ្ជាក់ថា អគ្គិភ័យបានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យលើកនេះ នាយនគរបាលប៉ុស្ដិ៍ច្បារអំពៅទី២ បានបញ្ជាក់ថា បណ្តាលមកឆ្លងចរន្តអគ្គិសនី (ទុស្សេ) ម្តុំតូបឈាងខាងកើតផ្សារ បង្កជាអណ្តាតភ្លើងឆេះតូបតគ្នាៗ ឡើងយ៉ាងសន្ធោសន្ធៅតែម្ដង។
នៅពេលកើតហេតុនោះ គេសង្កេតឃើញវត្តមានអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានចេញទៅជួយអន្តរាគមន៍ផ្ទាល់ផងដែរ។
អគ្គិភ័យដ៏កំណាច់នេះ បានបំផ្លាញតូបអស់ចំនួន៥៨៨តូប ក្នុងចំណោម១៤៤៧តូប ដែលគិតជាទឹកប្រាក់អស់ប្រមាណ៤លានដុល្លារអាមេរិក។ នេះបើតាមលោក គួច ចំណាន ប្រធានគណៈកម្មការធិកាផ្សារ បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨៕