(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូក្រុមហ៊ុន សាជីវកម្ម ជៀ ហុង របស់ប្រទេសចិន ចូលជួបសម្តែងការគួរសម នៅភូមិគ្រឹះសម្តេចផ្ទាល់តែម្ដង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ។
ក្នុងឱកាសនេះ តំណាងក្រុមហ៊ុនសាជីវកម្ម ជៀ ហុង បានជម្រាបជូនសម្តេច ហេង សំរិន ថា ក្រុមហ៊ុនកំពុងបណ្តាក់ទុន នៅកម្ពុជាទៅលើផ្នែកអចលនទ្រព្យ និងខាងផ្នែកកសិកម្ម ហើយក៏កំពុងឈានទៅរកការ រកទទួលទានក្នុងផ្នែកហិរញ្ញវត្ថុទៀតផង។
ប្រធានប្រតិភូបាន គូសបញ្ជាក់ថា សាជីវកម្ម ជៀ ហុង មានជំនាញខាងផ្នែកកសិកម្ម ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុង ផ្សាភ្ជាប់ផ្នែកនេះយ៉ាងជំនាញទៅនឹងបច្ចេកវិទ្យាបែបសម័យទំនើប ហើយថាក្រុមហ៊ុននឹងចែក រំលែកបច្ចេកវិទ្យានេះ មកឲ្យកម្ពុជាផងដែរ ដើម្បីលើកស្ទួយការធ្វើកសិកម្មនៅកម្ពុជា ចូលរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមកិច្ចព្រមព្រៀង ដែលថ្នាក់ដឹកនាំកំពូលកម្ពុជា ចិនបានឯកភាពគ្នាក្នុងការជួយគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍សម្រាប់ ប្រជាជាតិទាំងពីរ។
សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព ស្ថិរភាព នយោបាយល្អ និងមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ហើយទិសដៅតែមួយគត់ដែលកម្ពុជាកំពុងធ្វើ គឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យបានខ្លាំងក្លា។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល បានចាត់ទុក វិស័យឯកជន ជាដៃគូដ៏មានសក្តានុពល ដើម្បីជួយជំរុញការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
សម្តេចបានបន្តទៀតថា ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តចំពោះវិនិយោគផ្ទាល់ ពីបរទេសលើគ្រប់វិស័យ ហើយទទួលបានការចាប់អារម្មណ៍ និងការគាំទ្រដោយមានក្រុមហ៊ុនធំៗ ពីបរទេសជាច្រើន បាននិងកំពុងអនុវត្តផែនការវិនិយោគរបស់ពួកគេ។ ការភ្ជាប់ជើងហោះហើរត្រង់ មកកម្ពុជាពីបណ្តាប្រទេស មានសេដ្ឋកិច្ចលូតលាស់ផ្សេងៗ វាបានជំរុញឲ្យមានកំណើនទេសចរណ៍ និងការវិនិយោគផ្ទាល់ ពីបរទេសមកកាន់កម្ពុជាកាន់តែច្រើនរៀងរាល់ឆ្នាំ ជាពិសេសប្រទេសចិនផ្ទាល់តែម្តង។
សម្តេចបានលើកឡើងថាប្រទេសចិន គឺជាដៃគូវិនិយោគ ដ៏មានសក្តានុពលរបស់កម្ពុជា។ គិតមកដល់ឆ្នាំ២០១៧ ទុនវិនិយោគរបស់ចិន ឈរនៅលេខរៀងលំដាប់ទី១។ ក្រោមគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់រដ្ឋាភិបាលចិន ភ្ជាប់ជាមួយយុទ្ធសាស្រ្តចតុកោណ នៃគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យមានលំហូរចូលយ៉ាងគំហុក នៃវិនិយោគពាណិជ្ជកម្ម និងទេសចរណ៍ ពីចិនមកកម្ពុជា ទំាងនេះបានបង្ហាញពីលទ្ធផលជាក់ស្តែង នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត រវាងប្រទេសទំាងពីរកម្ពុជា-ចិន ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា ២-៣ឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ហើយអគារខ្ពស់ៗ សណ្ឋាគារ ដែលមានឈ្មោះល្បីៗលំដាប់អន្តរជាតិ កំពុងអនុវត្តគម្រោងផែនការរបស់គេជាបណ្តើរៗ។ ដោយឡែកវិស័យទេសចរណ៍នៅកម្ពុជា កំពុងរីកលូតលាស់ខ្លាំង ដែលមានវិសាលភាពគ្រប់ដណ្តប់ទំាងតំបន់ឆ្នេរសមុទ្រ តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍វប្បធម៌ វាជាឱកាសល្អសម្រាប់ក្រុមហ៊ុន ក៏ដូចជាដៃគូវិនិយោគនានា មកពីប្រទេសចិនដើម្បីពិនិត្យលើឱកាសវិនិយោគនៅកម្ពុជា៕