(កណ្ដាល)៖ ចៅក្រមស៊ើបសួរ នៃតុលាការខេត្តកណ្ដាល លោក គឹម រ័ត្នណារិន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន ឃាតកដែលកាប់ចិញ្ច្រាំស្ដ្រីម្នាក់ រួចញាត់ចូលក្នុងធុងទឹកកកនោះហើយ ដើម្បីរង់ចាំការស៊ើបសួរបន្តទៀត។
មន្ត្រីតុលាការថ្លែងថា ឃាតករូបនេះឈ្មោះ សឿ សុខផេង អាយុ៣០ឆ្នាំ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ដោយឡែក ស្ត្រីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ស្រាតញាត់ចូលក្លាស្សេក្នុងធុងទឹកកក ឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ករណីឃាតកម្មនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។
ជនសង្ស័យដែលជាឃាតកសម្លាប់ស្ដ្រីម្នាក់ ដោយកាប់ជាច្រើនកាំបិតឡើងសុះសាច់ ហើយញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ រួចយកទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ នគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខ ឃាតកសម្លាប់ស្ដ្រីរួចញាត់ចូលក្នុងធុងទឹកកក រួចយកទៅទម្លាក់ចោលនៅម្ដុំស្ពានព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល។ ក្នុងសន្និសីទនោះ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានរៀបរាប់យ៉ាងលម្អិតពីដំណើររឿងហេតុ ជុំវិញករណីឃាតកម្ម សម្លាប់ស្ដ្រីរួចញាត់ចូលក្នុងធុងទឹកកក៕
សូមទស្សនាវីដេអូខាងក្រោម៖