Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រតនាគារខេត្តរតនគិរី បំភ្លឺករណីមន្ត្រីរាជការនៅមន្ទីរមុខងារសាធារណៈ សុំអន្តរាគមន៍បើកប្រាក់បេសកកម្ម ឆ្នាំ២០១៧ ព្រោះរតនគារខេត្តយឺតយ៉ាវមិនបើកជូន

20-03-2018 16:29

(រតនគិរី)៖ បន្ទាប់ពីមានការចុះផ្សាយ ករណីមន្ដ្រីនៅមន្ទីរមុខងារសាធារណៈខេត្តរតនគិរី ចំនួន១៥រូប សុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំ ដោយសារខាងរតនាគារខេត្ត មានភាពយឺតយ៉ាវបើកប្រាក់បេសកកម្មឆ្នាំ២០១៧​ ជូនពួកគេធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅលើជីវភាពរស់នៅប្រចាំថ្ងៃនោះ, រតនាគារខេត្តរតនគិរី បានចេញលិខិតមកកាន់អង្គភាពព័ត៌មាន Fresh News សុំបំភ្លឺឆ្លើយតបវិញ។

ក្នុងលិខិតរបស់រតនាគារខេត្តរតនគិរី បានចាត់ទុកការលើកឡើងរបស់មន្ត្រីមុខងារសាធារណៈថា មិនបានស្វែងយល់ច្បាប់ ពីនីតិវិធីចំណាយសោហ៊ុយបេសកកម្ម។ ជាក់ស្តែងឯកសារទូទាត់ប្រាក់បេសកកម្មពីខែ១០ ដល់ ខែ១២ ឆ្នាំ២០១៧ រតនាគារពិនិត្យឃើញថា មានកំហុស បន្តិចបន្តួចទៅលើការចុះកាលបរិច្ឆេទ តម្រូវឲ្យមន្ទីរមុខងារសាធារណៈ ធ្វើការកែតម្រូវឡើងវិញ។

រតនាគារខេត្តរតនគិរី បានបញ្ជាក់ថា ខ្លួនសូមបដិសេធទាំងស្រុង ចំពោះការលើកឡើងរបស់មន្ទីរមុខងារសាធារណៈ ហើយការយឺតយ៉ាវក្នុងការបើកប្រាក់បេសកកម្មនេះ គឺមកពីសាម៉ីមន្ទីរមិនរួសរាន់ រៀបចំបោះផ្សាយអាណត្តិ បើកប្រាក់ឲ្យបាននាដើមឆ្នំា២០១៨ តែបែរជាទើបបញ្ជូនអាណត្តិបើកប្រាក់នេះ មកដល់រតនាគារខេត្ត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ហើយថែមទាំងមានបញ្ហាកំហុសឆ្គងពុំត្រឹមត្រូវ តាមនីតិវិធីទៀត៕