(ភ្នំពេញ)៖ លោក គង់ វុទ្ធី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ អំពាវនាវដល់អ្នកផ្គត់ផ្គង់ចំណីអាហារ ត្រូវគិតគូរពីសុខភាពបងប្អូនប្រជាពលរដ្ឋជាចំបង និងអាជីវករលក់បន្តទាំងអស់ សូមកុំដាក់បន្ថែមនូវសារធាតុគីមីហាមឃាត់ ដែលបង្កផលប៉ះពាល់ដល់សុខភាព ជាពិសេសអាចប្រឈមចំពោះមុខច្បាប់។
ការលើកឡើងបែបនេះ ក្នុងពេលដែលលោកដឹកនាំមន្រ្តីជំនាញ ចុះធ្វើការត្រួតពិនិត្យបន្លែ ផ្លែឈើ ចំណីអាហារ គ្រឿងឧបភោគបរិភោគ និងពិសោធន៍ជាក់ស្តែងនៅនឹងកន្លែងក្នុងផ្សារដើមគរ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីរកនូវសារធាតុគីមីហាមឃាត់។
សកម្មភាពនេះ លោករួមជាមួយក្រុមការងារជំនាញ បានចុះជាប់ជាប្រចាំ នៅតាមផ្សារក្នុងរាជធានីភ្នំពេញ ដើម្បីណែនាំដល់អាជីវករនៅតាមផ្សារ ឲ្យបានដឹង ពីការប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់អ្នកចែកចាយ ពីការប្រើប្រាស់សារធាតុគីមី ដែលទាំងនេះតាមការណែនាំពី ប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ រួមទាំងមានការសំណូមពរពីរបងប្អូនប្រជាពលរដ្ឋ។
លោកអនុប្រធាន ក៏បានសំណូមពរដល់អាជីករទាំងអស់ សូមកុំបន្ថែមនូវសារធាតុគីមីដែលហាមឃាត់ ទៅក្នុងបន្លែ ផ្លែឈើ ចំណីអាហារ និងគ្រឿងបរិភោគបរិភោគ ព្រោះសារធាតុទាំងនោះបង្កហានិភ័យខ្ពស់សុខភាពអ្នកទិញបរិភោគ ម្យ៉ាងវិញទៀតអាចប្រឈមចំពោះមុខច្បាប់ ហើយត្រូវធ្វើការផ្សព្វផ្សាយបន្ត ដល់ម្ចាស់ទីតាំងចែកចាយផងដែរ ដើម្បីចូលរួមធ្វើការទប់ស្កាត់ទាំងអស់គ្នា៕