(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពខណ្ឌ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក លោកស្រីអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជការកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ ការិយាល័យចំណុះជំនាញជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ ស្មៀនសង្កាត់ទាំង១៣ និងនាយកសាលារៀនទាំងអស់នៅក្នុងខណ្ឌ។
លោកអភិបាលខណ្ឌ បានណែនាំដល់លោក លោកស្រីចៅសង្កាត់ និងកងកម្លាំងទាំងអស់ ឲ្យយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព ការងារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់ បង្ការ និងបង្ក្រាបរាល់បទល្មើសលួច ឆក់ ប្លន់គ្រប់ប្រភេទ។
ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយសូមឲ្យតាមបណ្តាសង្កាត់ រៀបចំទីតាំងសប្បាយភាព លេងល្បែងប្រជាប្រិយ នៅតាមទីវត្តអារាមនានា ដើម្បីជូនប្រជាពលរដ្ឋកំសាន្តសប្បាយ និងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អផងដែរ។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានណែនាំឲ្យចៅសង្កាត់ទាំងអស់ យកចិត្តទុកដាក់លើការងារអនាម័យបរិស្ថាន ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងត្រូវបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕