(ភ្នំពេញ)៖ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខដឹកនាំ ដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោក គង់ សៅ មេភូមិស្លែងរលើង ដែលមានជំងឺប្រចាំកាយ ស្ថិតនៅគេហដ្ឋាន ភូមិស្លែងរលើង សង្កាត់អូរបែកក្អម។
ពិធីនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ ក៏មានការចូលរួមពី លោក សក់ ចន្ទ័កញ្ញារិទ្ធ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ និងជាអភិបាលរងខណ្ឌ រួមជាមួយក្រុមការងារចុះមូលដ្ឋានខណ្ឌ និងមន្រ្តីសាលាខណ្ឌ។
ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានជូនថវិកាផ្ទាល់ខ្លួនចំនួន១៥០ដុល្លា និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគដូចជាអង្ករ ៥០គីឡូ ទឹកបរិសុទ្ធ២កេស ទឹកផ្លែឈើ២កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ជូនដល់លោកមេភូមិផងដែរ៕