(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលអភិបាលខេត្តសៀមរា និងលោកស្រី នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអាគារសិក្សា០១ខ្នង មាន០៤បន្ទប់ នៅសាលាឋមសិក្សាសំរោងខ្នារពោធិ៍ ស្ថិតក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ដែលជាជំនួយរបស់ក្រុមហ៊ុន DMS group មានទីតាំងនៅទីក្រុងហុងកុង តាមរយៈសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រចាំខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ លោក ឃឹម ប៊ុនសុង ក៏បាននូវផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ របស់ប្រទេសជាតិក្រោមដំបូលសន្តិភាព របស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏ផ្ដាំទៅកាន់ពលរដ្ឋទាំងអស់ដែលចូលរួមក្នុងពិធីនោះ កុំជឿតាមការញុះញង់របស់ក្រុមអគតិមួយចំនួនតូច ដែលតែងនិយាយមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា និងចង់ផ្ដូលរំលំរដ្ឋាភិបាលស្របច្បាប់។
មួយវិញទៀត លោក ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ពីសមិទ្ធផលដែលកម្ពុជាទទួលបាន ក្រោយសម្ដេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ដ្រាលី ជាក់ស្ដែងរដ្ឋាភិបាលអូស្ដ្រាលីបានបន្ដផ្ដល់ជំនួយដល់កម្ពុជាជាដើម។
ជាមួយគ្នានេះ លោកអភិបាលខេត្ត និងលោកស្រី បានឧបត្ថម្ភប្រជាពលរដ្ឋ២៥០នាក់ ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ ៧នាក់ ម្នាក់ៗសំលៀកបំពាក់ ១កំប្លេ និងថវិកា៥ម៉ឺនរៀល, សិស្ស១៦២នាក់ ម្នាក់ៗឯកសណ្ឋានសិស្ស ២កំប្លែ ថវិកា៥ពាន់រៀល និងប្រជាការពារ១០នាក់ ម្នាក់ៗ ១ម៉ឺនរៀល៕