(ភ្នំពេញ)៖ បច្ចុប្បន្ននេះឃើញថា នៅកម្ពុជាមានរោងកុនជាច្រើន ដោយក្នុងនោះ ក៏មានការចាក់បញ្ចាំងនូវភាពយន្ដគ្រប់ប្រភេទ ដែលរួមមាន៖ ភាពយន្ដខ្មែរ, ភាពយន្ដចិន, ភាពយន្ដថៃ រួមទាំងភាពយន្ដបរទេសជាច្រើនទៀត ប៉ុន្ដែទោះបីជាមានភាពយន្ដច្រើនយ៉ាងណាក៏ដោយ ក៏ភាពយន្ដខែ្មរនៅតែមានសន្ទុះលេខ១ដដែល ដោយមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោក សៅ សុខនី នាយកប្រតិបត្តិ Major Cineplex ឲ្យដឹងក្នុងកម្មវិធីសម្ពោធរោងភាពយន្ត Major Cineplex by Smart នាយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះ របស់លោកធ្វើឡើងក្រោមបទពិសោធន៍ដែលលោក បានធ្វើការជាមួយនឹងភាពយន្ដអស់រយៈពេល ប្រមាណជា៧ឆ្នាំមកហើយនោះ។
លោកបានលើកឡើងថា ក្នុង១ឆ្នាំរោងកុន បានបញ្ចាំងភាពយន្ដ២ប្រភេទ ដោយភាពយន្ដទី១ ជាភាពយន្ដខ្មែរ និងភាពយន្ដហូលីវូដ ជាទូទៅអ្នកដែលបានទស្សនាភាពយន្ដហូលីវូដ មានប្រមាណ៧ពាន់នាក់ក្នុង១សាខា ប៉ុន្ដែសម្រាប់ភាពយន្ដខ្មែរវិញ ជាមធ្យមមានរហូតដល់១ម៉ឺននាក់ ក្នុង១សាខា នេះបើតាមការសង្កេតកន្លងមក។
លោកបានបញ្ជាក់ទៀតថា តែទោះជាយ៉ាងណាក៏ឆ្នាំខ្លះ ភាពយន្ដខ្មែរធ្លាក់ចុះចំនួនទស្សនា ហើយឆ្នាំខ្លះទៀតអ្នកទស្សនាលើសពីការរំពឹងទុក។ មួយវិញទៀត ការបើករោងកុន Major Cineplex សាខាផ្សារសូរិយានេះ គឺជាការបើកឱកាសដល់ភាពយន្ដខ្មែរ ព្រោះនេះជាឱកាសឲ្យភាពយន្ដខ្មែរមានទីតាំងច្រើនក្នុងការបញ្ចាំង។
លោកបានបន្ថែមទៀតថា យ៉ាងណាក៏ដោយខាងរោងកុនកំពុងតែ រិះរកវិធីធ្វើយ៉ាងណា ដើម្បីជំរុញឲ្យភាពយន្ដខ្មែរបញ្ចាំង ច្រើនក្នុងរោងកុន ជាក់ស្ដែងកន្លងមកខាងរោងកុនបានបញ្ចាំង ភាពយន្ដខ្មែរប្រមាណជា២៥ភាគរយ ក្នុងចំណោមរឿងទាំងអស់ ក្នុងរយៈពេលពេញ១ឆ្នាំ តែយ៉ាងណាក៏ខាងរោងកុននៅតែរិះរក ដើម្បីធ្វើយ៉ាងណាឲ្យមានការចាក់បញ្ចាំង ភាពយន្ដខ្មែរកើនឡើងពី ៤០-៥០ ភាគរយ។
ថ្លែងចំពោះមុនអ្នកសារព័ត៌មានលោក សៅ សុខនី បានបញ្ជាក់ទៀតថា នៅរោងកុន Major Cineplex ដែលមាន៣សាខាក្នុងប្រទេសកម្ពុជានេះ មានអ្នកចូលទស្សនាជាង៥ពាន់នាក់ ហើយសាខាដែលទទួលបានអ្នកចូលទស្សនាច្រើនជាងគេនោះ គឺសាខា Major អ៊ីអន១ រាជធានីភ្នំពេញ។
កញ្ញា មាស សុខសោភា តារាចម្រៀងដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា ក៏បានចូលរួមក្នុងកម្មវិធីសម្ពោធ និងបានថ្លែងសាទរជាខ្លាំងចំពោះ ការប្រកាសសម្ពោធជាផ្លូវការនៃរោងភាពយន្ត Major Cineplex by Smart សាខាខេត្តសៀមរាប និង Sorya Center Point ដែលនេះជាការឆ្លុះបញ្ចាំង ពីភាពរីកចម្រើនក្នុងវិស័យរោងភាពយន្ត និងភាពយន្ត។
កញ្ញាបញ្ជាក់ទៀតថា នេះជាការឆ្លុះបញ្ចាំងកាន់តែច្បាស់ពី ការរីកចម្រើនវិស័យរោងភាពយន្តនៅកម្ពុជា ដែលមានរោងភាពយន្តទំនើបកាន់តែច្រើន និងជាឱកាសសម្រាប់ផលិតករក្នុងស្រុក បង្កើននិងពង្រឹងស្នាដៃផលិតបន្ថែមដើម្បីប្រកួតប្រជែង ជាមួយភាពយន្តក្នុងនិងក្រៅស្រុក។
សូមបញ្ជាក់ថា Major Cineplex ជារោងកុនល្បីមួយផងដែរប្រចាំកម្ពុជា ដែលជាកន្លែងមើលកុនដ៏ទំនើបរួមផ្សំជាមួយការ តុបតែងលម្អរ ព្រមទាំងបំពាក់នូវបរិក្ខាទំនើបៗ ដែលមានដូចជាកន្លែងរងចាំ កន្លែងអង្គុយលេង ចំណែកឯក្នុងសាលភាពយន្ដវិញ មានការរៀបចំតុបតែងដ៏ល្អស្អាតចុងក្រោយគេបំផុត ជាមួយនឹងបច្ចេកវិទ្យារោងភាពយន្ត ឌីជីថល ដូចជា 2D, 3D និង 4DX។ នៅក្នុងឆ្នាំ 2018 Major Cineplex by Smart នឹងធ្វើការបើកដំណើរការ
សាខាថ្មីមួយទៀតនៅ AEON Mall 2 ដែលជារោងភាពយន្តធំជាងគេនៅប្រទេសកម្ពុជា៕