(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអង្គការ Asia Pacific International Wine and Spirits Alliance (APIWSA) ស្ដីពី «បើពិសារគ្រឿងស្រវឹង សូមកុំបើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៨» ។
កម្មវិធីនេះ នឹងប្រព្រឹត្ដទៅនៅវេលាម៉ោង ៣រសៀល នាសាលប្រជុំធំ នៃទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងស្ថានទូតនានាផងដែរ។
ការចុះអនុស្សារណៈនៃការយោគយល់នេះ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយសារការពិសារគ្រឿងស្រវឹង និងគាំទ្រដល់ការផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីឲ្យស្របនឹងផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៕