(ភ្នំពេញ)៖ ពិព័រណ៍កុមារលើកទី៥ នឹងចាប់ផ្ដើមឡើងនាចុងសប្ដាហ៍នេះហើយ ដោយមានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយក្នុងឆ្នាំនេះផងដែរ ក៏មានការរំពឹងទុកថា នឹងមានអ្នកចូលរួមកើនឡើងលើសពីឆ្នាំមុន។
ពិព័រណ៍កុមារ និងគ្រួសារនេះ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនអនុស្សា ដែលជាពិព័រណ៍តាំងបង្ហាញផលិតផលកុមារដ៏ធំជាងគេនៅកម្ពុជា។ គោលបំណងក្នុងការបង្កើតពិព័ណ៍នេះឡើង ដើម្បីបង្កើនភាពវៃឆ្លាតដល់កុមារ ឲ្យមានភាពក្លាហាន ភាពប៉ិនប្រសប់ ជាពិសេសបង្កើតឱកាសឲ្យប្អូនៗបញ្ចេញនូវសមត្ថភាព និងបង្ហាញទេពកោសល្យរបស់ពួកគេ និងកំណត់ពីភាពវ័យឆ្លាត។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា បានថ្លែងឲ្យដឹងថា «ពិព័រណ៌កុមារលើកទី៥នេះ នឹងរៀបចំការឲ្យមានការប្រកួតរវាងកុមារ និងកុមារដើម្បីបង្ហាញពីសមត្ថភាព ភាពក្លាហានរបស់ពួកគេ ដោយការប្រកួតប្រជែងនោះរួមមាន ការប្រកួតរាំ, ច្រៀង, គូររូប, ផាត់ពណ៌រូបភាព, សូត្រកំណាព្យ ប្រកបអក្សរ, សសេរតាមអាន, គិតលេខ, ចំណេះដឹងទូទៅ, ប្រកួតដើរម៉ូដជាដើម ហើយក្នុងការប្រកួតប្រជែងនោះ ក៏នឹងមានរង្វាន់លើកទឹកចិត្តជាច្រើនផងដែរ»។
លោកបានបញ្ជាក់ទៀតថា ក្រៅពីនេះឪពុកម្តាយ នឹងទទួលបានការប្រឹក្សា អំពីការអប់រំបុត្រធីតាសាលារៀនជាតិ និងអន្តរជាតិ យល់ដឹងពីសេវាបំរុងហិរញ្ញាវត្ថុ ស្វែងយល់ពីផលិតផលិតកុមារដែលមានគុណភាព និងទិញទំនិញបញ្ចុះតម្លៃ សម្រាប់កុមារ និងគ្រួសារពីម៉ាកល្បីៗជាង២០០ប្រ៊េនថែមទៀត។
លោកបានបន្ថែមទៀតថា កន្លងមកយើងបានទទួលជោគជ័យខ្លាំងគួរសមលើពិព័រណ៌នេះ ព្រោះពិព័រណ៌នេះបានបណ្ដុះឲ្យកុមារមានភាពក្លាហាន ហ៊ានបញ្ជេញមតិ ឬក៏ធ្វើអ្វីៗដោយផ្ទាល់ឯងផ្ទាល់ ដោយមិនចាំបាច់ពឹងពាក់លើឪពុកម្ដាយ។
កុំភ្លេចនាំកូនៗជាទីស្រឡាញ់របស់អ្នក មកចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាព ព្រមទាំងទទួលបានរង្វាន់ជាង១ពាន់កាដូ ពីពិព័រណ៌ កុមារប្រចាំឆ្នាំលើកទី៥នេះ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៌កុមារលើកទី៥ ក៏មានការចូលរួមឧបត្ថម្ភធំដោយ ក្រុមហ៊ុនធានារ៉ាប់រង prudential និងសាលាអន្តរជាតិ SCIAផងដែរ៕