(ភ្នំពេញ)៖ ក្រុមហ៊ុនទីផ្សារមូលបត្រកម្ពុជា ហៅកាត់ CSX បានបន្តប្រឹងប្រែងបញ្ជ្រាប ការយល់ដឹងពីសារៈសំខាន់ នៃការចុះបញ្ជីនៅទីផ្សារភាគហ៊ុន ក្នុងគោលបំណង ដើម្បីផ្តល់ក្របខណ្ឌសម្រាប់ការបណ្តុះបណ្តាលដល់សហគ្រិននានា ឲ្យយល់កាន់តែច្បាស់ អំពីសារៈប្រយោជន៍នៃការចុះបញ្ជីនៅទីផ្សារភាគហ៊ុន និងរបៀបនៃការរៀបចំខ្លួន ឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការចូលទីផ្សារមួយនេះ។

ការប្រឹងប្រែងនេះ ត្រូវបានបង្ហាញឡើង តាមរយៈការបើកសិក្ខាសិលា និងការតាំងពិព័រណ៌នានាជាច្រើន ដើម្បីបញ្ជ្រាបការយល់ដឹងពីវិស័យភាគហ៊ុន។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ CSX និងវិទ្យាស្ថានស៊ីអ៊ីអូ (CEO) បានចុះហត្ថលេខារួមគ្នា លើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីចូលរួមជ្រោមជ្រែង ការរីកចម្រើននៃការជួញដូរមូលបត្រ។

លោក ហុង សុខហួរ អគ្គនាយក CSX បានឲ្យដឹងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ផ្សារមូលបត្រកម្ពុជា ក្នុងការបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់ និងសារប្រយោជន៍ នៃការចុះបញ្ជីលក់ភាគហ៊ុន នៅផ្សារភាគហ៊ុនដល់សហគ្រិនទាំងឡាយ ជាពិសេសសហគ្រិនដែលជាសមាជិក នៃវិទ្យាស្ថានស៊ីអ៊ីអូ ផ្ទាល់តែម្តង។

លោកបានបន្តថា ក្នុងក្របខណ្ឌនៃអនុស្សរណៈគ្នានេះទៀតសោត ផ្សារមូលបត្រកម្ពុជា នឹងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាល ដែលរៀបចំឡើងដោយវិទ្យាស្ថានស៊ីអ៊ីអូនេះ តាមរយៈការប្រឹក្សាយោបល់ អំពីកម្មវិធីបណ្តុះបណ្តាល ក៏ដូចជាការផ្តល់នូវវាគ្មិនជំនាញពាក់ព័ន្ធ។

លោក អោម សេងបូរ៉ា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស៊ីអ៊ីអូ បានថ្លែងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ជាការរួមចំណែកក្នុងទីផ្សារមូលបត្រកម្ពុជា កាន់តែមានដំណើរការទៅមុខតាមរយៈការចូលរួមផ្សព្វផ្សាយ ជាសាធារណៈអំពីផ្សារមូលបត្រ ក៏ដូចជាការរៀបចំនូវការបណ្តុះបណ្តាលឲ្យយល់ដឹងពីផ្សារមូលបត្រ ការរៀបចំខ្លួនចូលទីផ្សារមូលបត្រ ដែលនេះជាការជួយដល់សហគ្រិនកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន។

លោកបានបន្តថា វិទ្យាស្ថានស៊ីអ៊ីអូ ជាវិទ្យាស្ថានមួយមានបេសកកម្មរួមចំណែក កសាងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែខ្លាំង តាមរយៈការបណ្តុះបណ្តាលនៃសហគ្រិន ដែលកន្លងមកនេះមានសហគ្រិន CEO Master Club ធ្វើការបណ្តុះបណ្តាលដល់សហគ្រិនកម្ពុជា ឲ្យមានឳកាសក្នុងការបម្លែងខ្លួន កសាងសមត្ថភាពរបស់ខ្លួនពីលក្ខណៈគ្រួសារទៅ លក្ខណៈស្តង់ដារផងដែរ។

គួររម្លឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដែលមានលក្ខណៈស្រដៀងគ្នានេះ ជាមួយក្រុម SUCCESSCO ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលសហគ្រិនផងដែរ។

បន្ថែមលើនេះ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក៏បានរៀបចំពិធី «ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា MY First STOCK 2018 » និងបានប្រកាសដាក់សម្ភោធឲ្យប្រើប្រាស់ ជាផ្លូវការនូវគេហទំព័រ Phsarhun.com និង PhsarHun App ដើម្បីឲ្យសាធារណជន ព្រមទាំងវិនិយោគិនទាំងអស់ កាន់តែងាយស្រួលយល់ដឹង អំពីទីផ្សារភាគហ៊ុន បានងាយជាងមុន៕