(ព្រះវិហារ)៖ ដើម្បីពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈជូនវិស័យឯកជនសំដៅឆ្លើយតបគោលការណ៍នៃអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបើកសម្ពោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មីនៅក្នុងមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ។
ក្នុងពិធីសម្ពោធ ដែលរៀបចំឡើងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ និងបានកោតសរសើររដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ គណៈកម្មាធិការបច្ចេកទេស និងវិស័យឯកជន ដែលសហការសាងសង់អគាររដ្ឋបាលថ្មីនេះឡើង។ លោករដ្ឋមន្ត្រី បានចាត់ទុកអគាររដ្ឋបាលថ្មីនេះ ជាមោទនភាព និងសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់ខេត្តដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។
«អគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មនេះ នឹងបង្ហាញពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ខេត្តព្រះវិហារ ដំណាលគ្នានឹងវិស័យផ្សេងៗទៀត ដែលកំពុងបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍជាលំដាប់»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
លើសពីនេះលោករដ្ឋមន្ត្រី ក៏បានបង្ហាញជំនឿថា អគាររដ្ឋបាលថ្មីនេះ នឹងផ្តល់កម្លាំងចិត្តដល់មន្ត្រី ព្រមទាំងរួមចំណែកលើកស្ទួយប្រសិទ្ធភាពការផ្តល់សេវាផ្តល់សេវាសាធារណៈ នៅក្នុងខេត្តព្រះវិហារផងដែរ។
«ខ្ញុំជឿជាក់ថា បន្ទាប់ពីមានអគាររដ្ឋបាលថ្មី ដែលជាកន្លែងធ្វើការមានលក្ខណៈសមរម្យជាងមុន មន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មរបស់យើង នឹងខិតខំបំពេញការងារកាន់តែស្វាហាប់ ដើម្បីបម្រើសេវាជូនបងប្អូនអាជីវករ ផលិតករ និងពាណិជ្ជករ គ្រប់មជ្ឈដ្ឋាន»។ លោករដ្ឋមន្ត្រី បានបន្ថែម។
យោងតាមរបាយកាណ៍មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ បានឲ្យដឹងថាអគាររដ្ឋបាលថ្មី ដែលទើបនឹងដាក់សម្ពោធឲ្យប្រើប្រាស់ថ្ងៃនេះ មានកម្ពស់ ១ជាន់ និងមានទំហំសរុប ៥៤៤ម៉ែត្រការ៉េ បានប្រើពេលវេលាសាងសង់ប្រមាណជាង៦ខែ។ អគារនេះ មានបំពាក់ទៅដោយប្រព័ន្ធទឹក ភ្លើង គ្រឿងសង្ហារឹម ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធអ៉ីនធើណេតល្បឿនលឿន ហើយចែកចេញជា ១២បន្ទប់ រួមមាន៖ សាលប្រជុំ ១បន្ទប់ទទួលភ្ញៀវ ១ ការិយាល័យធ្វើការ ៨ ឃ្លាំង ១ និងបន្ទប់ទឹក ១៕