(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា សភាប្រជាជនចិនអាណត្តិថ្មីនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយជាសភាកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ជាពិសេសនាំ មកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។
សម្តេច ហេង សំរិន បានបង្ហាញជំនឿចិត្តបែបនេះតាមរយៈលិខិតអបអរសាទរផ្ញើជូនលោក លី ចានស៊ូ (Li Zhanshu) ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិនតំណាងប្រជាជនចិនទូទាំងប្រទេស នៅក្នុងសម័យប្រជុំសភាលើកដំបូងនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសនីតិកាលទី១៣ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ។
ក្នុងលិខិតអបអរសាទរដែលធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមានក្តីសោមនស្សរីករាយជាអនេក ដោយបានសង្កេតឃើញថា តាមរយៈការដឹកនាំ ដ៏ភ្លឺស្វាង និងឈ្លាសវៃរបស់ឯកឧត្តមប្រធានចំណងមិត្តភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងស្ថាប័ននីតិប្បញ្ញតិ្ត និងប្រទេសយើងទាំងពីរកម្ពុជា-ចិនជាមិត្ត ត្រូវបានពង្រឹង និងពង្រីកយ៉ាងរឹងមាំ និងខ្លាំងក្លា។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពនៃប្រទេសយើងទាំងពីរ នឹងរីកលូតលាស់ឥតឈប់ឈរ នាពេលអនាគត ដើម្បីបម្រើនូវឧត្តមប្រយោជន៍គ្នា ទៅវិញទៅមក ជូនប្រជាជននៃប្រទេសយើងទាំងពីរជាបងប្អូន»។
នៅក្នុងលិខិតនេះសម្តេច ហេង សំរិន ក៏បានអញ្ជើញលោក លី ចានស៊ូ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា តាមពេលវេលាសមស្របណាមួយនៅពេលដ៏ខ្លីខាងមុខនេះ ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងស្ថាប័ននីតិប្បញ្ញតិ្ត និងប្រទេសទាំងពីរបន្ថែមទៀត។
សម្តេច ហេង សំរិន ក៏បានថ្លែងអំណរសាទរយ៉ាងកក់ក្តៅជូនចំពោះលោក Xi Jinping ផងដែរ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាឯកច្ឆន្ទ ជាប្រធានាធិបតី និងជាអគ្គមេបញ្ជាការនៃគណៈកម្មការមជ្ឈឹមកងទ័ព នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងសម័យប្រជុំសភាលើកដំបូង នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសនីតិកាលទី១៣ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅនេះ៕