(ភ្នំពេញ)៖ មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវគ្គសិក្សា ស្តីពីការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ រយៈពេលពីរថ្ងៃពោលគឺចាប់ពីថ្ងៃទី២២-២៣ ខែ មីនា ឆ្នាំ២០១៨ នាពេលខាងមុខនេះ។នេះបើយោងតាម ការឲ្យដឹងពីលោក ខៀវ វឿន ប្រធានមជ្ឈមណ្ឌលការងារខេត្តកំពង់ធំ។
បើតាមលោក ខៀវ វឿន បានលើកឡើងថាវគ្គសិក្សានេះនឹង ផ្តល់ជូននូវខ្លឹមសារមួយចំនួន ដូចជា៖ ប្រភពការងារសម្រាប់យុវជន វិធីសាស្ត្រធ្វើយ៉ាងណាឲ្យឆាប់ទទួលបានការងារធ្វើ វិធីសាស្ត្រសរសេរប្រវត្តិរូបសង្ខេបឲ្យបានល្អ និង គន្លឹះក្នុងការសម្ភាសការងារធ្វើយ៉ាងណាឲ្យនិយោជកទទួលយកឲ្យចូលធ្វើការងារ ក្នុងស្ថាប័នរបស់ពួកគេ និងគន្លឹះជាច្រើនទៀតដែលនឹងបង្ហាញដោយមន្ត្រីជំនាញ របស់មជ្ឈមណ្ឌលផ្ទាល់។
លោកបានបន្ថែមទៀតថា វគ្គសិក្សានេះពិតជាមានប្រយោជន៍ណាស់ដល់សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ ជាពិសេសនិស្សិតដែលត្រៀមនឹងបញ្ចប់ការសិក្សា ឲ្យមានមូលដ្ឋានរឹងមាំក្នុងការរៀបចំ លក្ខណៈ សម្បត្តិផ្ទាល់ខ្លួន មុននឹងឈានចូលទៅចាប់យកឱកាសល្អៗ ក្នុងទីផ្សារដែលកំពុងមានភាពប្រគួតប្រជែងនាពេលបច្ចុប្បន្ន។លោកបានបញ្ជាក់ឲ្យដឹងថាចំពោះវគ្គនេះគឺយើងជ្រើសរើសតែសិស្ស-និស្សិតតែចំនួន២៥នាក់ប៉ុណ្ណោះឲ្យចូលសិក្សា។
សូមបញ្ជាក់ថា សិក្ខាកាមមិនត្រឹមតែទទួលបានចំណេះដឹងនឹងបទពិសោធន៍ពីមន្ត្រីជំនាញរបស់មជ្ឈមណ្ឌលការងារប៉ុណ្ណោះទេ វគ្គសិក្សានេះក៏បានផ្តល់ អាហារមួយពេលដល់សិក្ខកាមផងដែរ។
ដូចនេះប្រសិនណាជាយុវជន សិស្ស-និស្សិតដែលមានមូលដ្ឋាន ឬកំពុងសិក្សានៅខេត្តកំពង់ធំ មានចំណាប់អារម្មណ៍ចង់ចូលរួមសិក្សាវគ្គត្រៀមលក្ខណៈសម្បត្តិស្វែងរកការងារធ្វើនេះ អាចអញ្ជើញទៅចុះឈ្មោះនៅការិយាល័យមជ្ឈមណ្ឌលការងារខេត្តកំពង់ធំ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ចាប់ពីថ្ងៃនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈលេខទូរស័ព្ទ៖ ០៦២ ២១០ ២៧៧/០១៦ ៨៣៦ ៦៥៥៕