(ព្រះវិហារ)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ បួងសួងដើម្បីចម្រើនសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសកម្ពុជា នៅប្រាសាទព្រះខ័នកំពង់ស្វាយ ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខាងជំនឿ និងការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថាទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ។ ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេសមានសុខុដុមនីយកម្មផ្នែកសាសនា ដែលអាចឲ្យយើងទាំងអស់គ្នា មានឱកាសប្រារព្ធពិធីព្រះពុទ្ធសាសនានាពេលនេះ។
ក្នុងឱកាសនោះផងដែរ លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខចម្រើន អាយុយឺនយូរ ប្រកបកិច្ចការអ្វីសូមឲ្យបានដូចក្តីប្រាថ្នា និងជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕