(ភ្នំពេញ)៖ មន្រ្តី និងបុគ្គលិក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់គោលការណ៍ ដាក់បញ្ចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ប្រយោជន៍ដើម្បីទទួលបានរបបសោធន ដូចទៅនឹងមន្រ្តីយោធាកងយោធពលខេមរភូមិន្ទដែរ។ នេះបើតាមការអះអាងរបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ដែលបានបង្ហោះនៅលើ Facebook របស់លោក នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ។
លោក ហេង រតនា ក្នុងនាមអ្នកដឹកនាំមជ្ឈមណ្ឌលនេះ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរដល់មន្ត្រី បុគ្គលិករបស់ស៊ីម៉ាក់ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងសកម្មភាពបម្រើជាតិមាតុភូមិកម្ពុជា។ ទន្ទឹមនឹងនេះ សូមថ្លែងអំណរគុណ ចំពោះក្រសួងមុខងារសាធារណៈ និងអន្តរក្រសួងដែលបានផ្តល់ការគាំទ្រក្នុងការងារនេះ ដោយមានការប្រជុំពិភាក្សា ជាច្រើនលើកនិងច្រើនឆ្នាំមកនេះ។ ជាពិសេសក៏សូមអរគុណសម្តេចពិជ័យសេនា ដែលផ្តល់ការគាំទ្រ និងទទួលយកមន្ត្រីសុីម៉ាក់ឱយចូលក្នុងក្របខណ្ឌ័កងខេមរភូមិន្ទ។
លោកបានគូសបញ្ជាក់នៅលើបណ្តាញសង្គម Facebook ឱ្យដឹងថា «ការបញ្ចូលក្របខណ្ឌ័មន្ត្រីស៊ីម៉ាក់នេះ សំដៅផ្តល់របបសោធន ដោយរក្សានីតិសម្បទាអង្គភាពស៊ីម៉ាក់ តាមព្រះរាជក្រឹត្យដែលមានស្រាប់ ស្តីពីនីតិសារជាតិនៃអង្គភាពស៊ីម៉ាក់។ នេះជាគុណបំណាច់ដែលមន្ត្រីស៊ីម៉ាក់បានបំរើការងារកំចាត់មីនជាង២៥ឆ្នាំហើយ ដោយមន្ត្រីភាគច្រើនមុននោះ មានអតីតភាពជាកងកំលាំងប្រដាប់អាវុធផងដែរ»។
លោកបានអះអាងទៀតថា បន្ទាប់ពីលោកបានជួបប្រជុំផ្សព្វផ្សាយនូវព័ត៌មានដែលជាអំណោយដ៍វិសេស វិសាលនេះ មន្ត្រី-បុគ្គលិកស៊ីម៉ាក់ទាំងអស់ បានសម្តែងនូវការត្រេកអរជាអនេក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តីុ។
សូមជម្រាបថា មន្រ្តី-បុគ្គលិកស៊ីម៉ាក់កំពុងបម្រើការងារមានចំនួនជិត១៥០០នាក់ និងមានជនពលី ពិការ មរណៈ និងចូលនិវត្តន៍បានចំនួន៣៩០នាក់៕