(ភ្នំពេញ)៖ បញ្ជីក្បាលដីរបស់ប្រជាពលរដ្ឋប្រមាណ៣៥២ ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ត្រូវបានអាជ្ញាធរ និងមន្រ្តីជំនាញដែនដីយកទៅបិទផ្សាយជាសាធារណៈ ជូនទៅប្រជាពលរដ្ឋ ដើម្បីមកពិនិត្យផ្ទៀងផ្ទាត់ បន្ទាប់ពីមន្ត្រីសម្រង់វាស់វែងរួចត្រៀមចេញប័ណ្ណកម្មសិទ្ធិជូនពួកគេ។
លោក ប៊ុន ឡុង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខណ្ឌឫស្សីកែវ បានបញ្ចាក់ថា បន្ទាប់ពីមន្ត្រីភូមិបាល បានចំណាយពេលវេលាកមន្លងមក ក្នុងការចុះសម្រង់វាស់វែងទំហំក្បាលដី ក៏ដូចជាសម្រង់ឈ្មោះកំណត់ទិន្នន័យឲ្យបានច្បាស់លាស់រួចរាល់ ជាស្ថាពរជូនប្រជាពលរដ្ឋ ចំនួន៣៥២គ្រួសារ ដោយគ្មានតម្រូវឲ្យបង់ថ្លៃសេវា និងត្រៀមចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជូននៅពេលខាងមុខនេះ មានការបិទប្រកាសជាសាធារណៈនូវបញ្ជីក្បាលដីតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ខ្លាចក្រែងមានការខុសទំហំក្បាលដី ឬខុសឈ្មោះដោយអចេតនាណាមួយ ដើម្បីងាយស្រួលក្នុងការកែតម្រូវសម្រួលឡើងវិញរយៈពេលត្រឹម១៥ថ្ងៃប៉ុណ្ណោះ រាប់គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះតទៅ។
ក្នុងកម្មវិធីនេះលោក ជា ពិសី អភិបាលខណ្ឌ និងលោក ប៊ុន ឡុង បានសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៣០០គ្រួសារ ដោយមានការចូលរួមពីអភិបាលរងខណ្ឌលោក ស៊ូ សោគន្ធ លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ លោក ប្លុង សីហៈ អនុប្រធានការិយាល័យ និងអាជ្ញាធរសង្កាត់-ភូមិ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីបិទប្រកាសជាសាធារណៈនូវបញ្ជីក្បាលដី មានលក្ខណៈដាច់ដោយដុំ ជូនប្រជាពលរដ្ឋត្រួតពិនិត្យមើលជាក់ស្ដែង រាល់ទំហំក្បាលដីរយៈពេល១៥ថ្ងៃ តើខុសឬត្រូវ? ក៏ដូចជាឈ្មោះ តើខុសឬត្រូវ? ងាយស្រួលក្នុងការកែតម្រូវសម្រួលឡើងវិញ ត្រៀមចេញប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូន បន្ទាប់ពីមន្ត្រីជំនាញចំណាយពេលវេលាកមន្លង មកចុះសម្រង់វាស់វែងរួចរាល់ជាស្ថាពរជូនប្រជាពលរដ្ឋ ចំនួន៣៥២គ្រួសារ ដោយគ្មានបង់ថ្លៃសេវា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ជា ពិសី បានណែនាំឲ្យមន្ត្រីកុំភ្លេចអភិក្រម ចំនួន៤ចំណុចមាន «ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល និងព្យាបាល» ទី១-ត្រួតពិនិត្យខ្លួនឯង តាមការចេះឆ្លុះកញ្ចក់ជាប្រចាំ ទី២-ត្រូវងូតទឹកលាងខ្លួនជាប្រចាំ ទី៣-ត្រូវចេះដុសក្អែលសំអាតខ្លួនឯង និងទី៤- បើមិនដូច្នេះទេ និងក្លាយជាកម្មវត្ថុនៃវិធានការដាក់ថ្នាំព្យាបាល ឫអាចរហូតដល់ធ្វើការវះកាត់ផង គឺដើម្បីក្នុងគោលបំណងត្រួតពិនិត្យកំណែទម្រង់ស៊ីជម្រៅ នូវការសំដែងភាពស្និទ្ធស្នាលសាមគ្គី និងស្វែងរកមតិយោបល់ ចាំបាច់ត្រូវឆ្លុះកញ្ចក់រកឲ្យឃើញនូវចំណុចខ្វះខាត ចំណុចល្អក្នុងការទទួលខុសត្រូវ កែដោយខ្លួនឯង «ឆ្លុះកញ្ចក់រួចហើយត្រូវមុជទឹក ងូតទឹកត្រូវដុះក្អែល ហើយដុះក្អែលត្រូវដុះដោយខ្លួនឯង គឺជាវីធីល្អបំផុត និងដុះក្អែល ដោយអ្នកដទៃជួយដុះក្អែល តែនៅមានជំហានចុងក្រោយគឺព្យាបាល ហើយព្យាបាលនេះ តាមរយៈវះកាត់ ឬដាក់ថ្នាំ» ពីព្រោះព្យាបាលនេះ វាខុសពីជំងឺដែលគេយកទៅពេទ្យព្យាបាលមន្ត្រី ដែលធ្វើខុសគឺមានវិន័យរដ្ឋបាល ត្រូវដកហូតពីដំណែងតែម្ដង ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក ជា ពិសី បានរម្លឹកថា ក្រោយយើងជួបនូវសង្គ្រាមដ៏រ៉ាំរ៉ៃ រហូតមកដល់ឆ្នាំ១៩៩៨ ក្នុងខែធ្នូ យើងទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៌ ដល់សព្វថ្ងៃនេះ មានរយៈពេល២០ឆ្នាំប្លាយមកហើយ គិតត្រឹមឆ្នាំ២០១៨នេះ និងមានតែការអភិវឌ្ឍន៍ឥតឈប់ឈរ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យជនណា ឬបុគ្គលណាម្នាក់ មកបំផ្លាញសន្តិភាពដ៏ប្រសិទ្ធមួយនេះ ពីប្រជាពលរដ្ឋបានឡើយ អំពីតម្លៃនៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សំខាន់នោះ គឺនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោត ដើម្បីទទួលបាននូវសុខសន្តិភាព បោះឆ្នោតដើម្បីទទួលបាននូវការអភិវឌ្ឍន៍ គឺបោះឆ្នោតដោយគ្មានការភ័យខ្លាច គឺបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ឲ្យដឹកនាំប្រទេសបន្តទៅទៀត៕