(ភ្នំពេញ)៖ បុរសជនជាតិបារាំងចំនួន២នាក់ ដែលបានរួមគំនិតគ្នាលួចទៅបើកក្រុមហ៊ុនថ្មី ដោយបានបន្លំម៉ាក និងកម្មសិទ្ធិរបស់ក្រុមហ៊ុនចាស់នោះ ត្រូវបានតុលាការក្រុងភ្នំពេញ ប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១ឆ្នាំ ព្រមទាំងដេញដីកាបញ្ជាឲ្យកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនទៀតផង បន្ទាប់ពីបានគេចវេសនោះ។
មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះថា បុរសជនជាតិបារាំងទាំង២នាក់នេះរួមមាន៖ ទី១-ឈ្មោះ Bruno Dubigeon អាយុ៤៧ឆ្នាំ មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ភាគហ៊ុន ក្រុមហ៊ុន ស្មាល រីថែលគ្រុប (Smile Retail Group Ltd.) និងទី២-ឈ្មោះ Thomas Herbaut ដែលជាដៃគូរបស់ខ្លួន។ ពូកគេទាំងនេះ បានរួមគំនិតគ្នាលួចទៅបើកក្រុមហ៊ុនផ្សេងដោយយកលំនាំរបស់ក្រុមហ៊ុនចាស់ ខណៈដែលខ្លួនកំពុងបម្រើការងារនោះ។
មន្រ្តីតុលាការបានបញ្ជាក់ថា «ជនជាតិបារាំងទាំង២នាក់នេះ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទបន្លំម៉ាក (ត្រាប់តាម) ដែលសម្រេចសេចក្តីដោយសាលាដំបូងរាជធានីភ្នំពេញ ស្របតាមមាត្រា៦៥ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់របស់ព្រះរាជាណាចក្រកម្ពុជា»។
បើតាមមន្រ្តីតុលាការ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ តុលាការបានប្រកាសផ្តន្ទាទោសឈ្មោះ Bruno Dubigeon អាយុ៤៧ឆ្នាំ និងបានចេញដីកាចាប់ខ្លួន ដែលមានទីលំនៅក្នុងរាជធានីភ្នំពេញផងដែរ។
បុរសជនជាតិបារាំងឈ្មោះ Thomas Herbaut ដែលជាដៃគូរបស់ខ្លួន ក៏ត្រូវបានសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំដូចគ្នាផងដែរ តែមិនទាន់មានដីកាបញ្ជាឲ្យតាមចាប់ខ្លួននោះឡើយ។
បុរសទាំងពីរនេះ គឺជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ស្មាល ដ្រេហ្គន អេស៊ា លីមីតធីត (Smile Dragon Asia Limited) ជាក្រុមហ៊ុនដែលពួកគេបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដើម្បីបើកផ្សារទំនើបខ្នាតតូចជាច្រើននៅរាជធានីភ្នំពេញ ដែលការបង្កើតក្រុមហ៊ុននេះ វាបានរំលោភទៅលើម៉ាក និងកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនចាស់។
កាលពីខែឧសភា ឆ្នាំ២០១២ បុរសទាំងពីរខាងលើនេះ បានបង្កើតហាង Smile Mini Mart ក្លែងក្លាយជាច្រើន ដែលមានពណ៌ ឯកសណ្ឋានបុគ្គលិក ស្លាកសញ្ញា និងឡូហ្គូ ដែលមានលក្ខណៈដូចគ្នា បេះបិតទៅនឹងក្រុមហ៊ុន ស្មាល រីថែល គ្រុប (Smile Retail Group Ltd.)។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះទៅឆែកឆេរហាងរបស់ពួកគេ ដោយឃាត់ខ្លួនឈ្មោះ Herbaut និងដកហូតបានស្លាកសញ្ញាល្មើសដែលស្រដៀងគ្នាទៅនឹងហាងស្របច្បាប់។ ក្រោយមក ឈ្មោះ Dubigeon និងឈ្មោះ Herbaut បានបន្តបើកហាងថ្មីរបស់ពួកគេ ដែលត្រូវបានប្តូរឈ្មោះថ្មីជា Kiwi Mart៕