(កណ្ដាល)៖ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន 7NG ស្កាយលែន និងជាប្រធានចលនាយុវជនកម្ពុជា ក ១៥៧ សាខាខេត្តកណ្តាល បានប្រកាសរៀបចំ កម្មវិធី «សង្រ្កាន7NG ស្កាយលែន វិហារសួគ៌ ឆ្នាំ២០១៨» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ នៅលើទឹកដីវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋតាមស្រុកទូទាំងខេត្ត និងប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរ ទីតាំងវិហារសួគ៌ ជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានកំសាន្តសប្បាយរីករាយក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកឧកញ៉ាបន្ថែមថា ព្រឹត្តិការណ៍ក៏នឹងចូលរួមចំណែក លើកស្ទួយប្រពៃណីទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងជម្រុញឲ្យប្រជាជនខ្មែរ ជាពិសសយុវជនបានថែរក្សា នូវល្បែងរបាំ ប្រជាប្រិយខ្មែរ ដោយសារតែនៅក្នុងព្រឹត្តិការណ៍ រយៈពេល៤ថ្ងៃនោះ នឹងនាំមកនូវកម្មវិធីជាច្រើន ដូចជា រាំវង់ស្គរដី រាំវង់លក់ផ្កា ការលេងចោលឈូង បោះអង្គុញ វាយក្អម ទាញព្រ័ត្រ ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ ស្រង់ទឹកជូនចាស់ៗ រួមជាមួយកម្មវិធីសប្បាយៗជាច្រើនទៀត។
ព្រឹត្តិការណ៍នេះ នឹងរៀបចំចាប់ពីដងផ្លូវខាងមុខសួនច្បារ ដែលមានរៀបចំស្តង់ពិព័រណ៍ ស.ស.យ.ក ស្រុក និងតំបន់ត្រជាក់ចិត្តការប្រគុំតន្ត្រីសម័យ ដោយឡែកចំពោះទីតាំងមួយទៀត ក៏មានការតាំងបង្ហាញ នូវផលិតផលនានា ពីម្ចាស់អាជីវករភូមិ១ ផលិតផល១ រួមនឹងការប្រគុំតនតន្ត្រីក្នុងស្រុក សម្តែងសិល្បៈ និងរបាំនានា ដែលឆ្លុះបញ្ចាំងពីប្រពៃណី វប្បធ៌មខ្មែរយើង។
លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល ក៏បានសម្តែងការសាទរ ចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលនឹងធ្វើឡើងនៅលើទឹកដីស្រុកខ្សាច់កណ្តាល ដោយលោកបានត្រៀមកម្លាំងសម្រាប់ការសហការ ជាមួយភាគីពាក់ពន្ធ័ដើម្បីជម្រុញឲ្យព្រឹត្តិការណ៍ទទួលបានជោគជ័យ ព្រោះកម្មវិធីនេះ នឹងក្លាយជាចំណែកដ៏សំខាន់មួយ ក្នុងលើកស្ទួយវប្បធ៌មខ្មែរឲ្យគង់វង្ស។
ដូចគ្នានោះដែរ អភិបាលរងស្រុកល្វាឯម លោក យី យ៉េន ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រឹត្តិការណ៍មួយនេះ ដោយលោកជឿជាក់ថា នឹងមានការគាំទ្រច្រើន និងចូលរួមច្រើនពីសំណាក់ប្រជាពលរដ្ឋដែលជាភ្ញៀវជាតិ និងអន្តរជាតិ ដោយសារតែទីតាំងនេះ ស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញ នោះទេ ហើយម្យ៉ាងទីតាំងនេះក៏មានលក្ខណៈល្អប្រសើរ អំណោយផលសម្រាប់ការទេសចរណ៍ ហើយលោករំពឹងថា បន្ទាប់ពីកម្មវិធីនេះហើយ ទាំងស្រុកល្វាឯម ក៏ដូចជាស្រុកខ្សាច់កណ្តាល នឹងទទួលបានឱកាសល្អជាច្រើនទៀត ជាពិសេសលើវិស័យទេសចរណ៍។
សូមបញ្ជាក់ថា នេះគឺជាលើកទី១ សម្រាប់ព្រឹត្តិការណ៍ «សង្រ្កាន7NG ស្កាយលែន វិហារសួគ៌» ដែលគេរំពឹងថា នឹងមានភ្ញៀវទេចរចូលប្រមាណ៤ម៉ឺន ទៅ៥ម៉ឺននាក់ ក្នុងរយៈពេល៤ថ្ងៃ ហើយកម្មវិធីនេះនឹងប្រារព្ធធ្វើនៅឆ្នាំបន្តបន្ទាប់ផងដែរ៕