(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំគណៈកម្មការចម្រុះចុះទៅណែនាំដល់អាជីវករលក់ដូរ នៅតាមតំបន់ឆ្នេរកោះយ៉រ (ប៉ាក់ខ្លង) ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌល ខេត្តកោះកុង នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានណែនាំឲ្យអាជ្ញាធរខេត្ត ស្រុក ជួយថែរក្សាធនធានធម្មជាតិឲ្យបានគង់វង្ស នៅតាមឆ្នេរ មិនត្រូវកាប់បំផ្លាញដើមស្រល់ ដែលដុះតាមឆ្នេរឡើយ ព្រោះនេះសោភ័ណភាពឆ្នេរ ដែលតំណាងឲ្យខេត្ត និងប្រទេស ហើយត្រូវបង្កើតហេដ្ឋារចនាសម្ព័ន្ធឆ្នេរឲ្យបានស្អាតផងដែរ។
លោក ហាក់ ឡេង អភិបាលស្រុក បានណែនាំដល់បងប្អូនអាជីវករ ដែលលក់ដូរនៅតំបន់ឆ្នេរកោះយ៉រ ត្រូវចេះថែរក្សាអនាម័យបរិស្ថានឲ្យបានល្អ ត្រូវចេះរៀបចំហេដ្ឋារចនាទីតាំង លក់ដូរឲ្យអនាម័យល្អ ហើយការលក់ដូរឲ្យមានតម្លៃសមរម្យ មិនត្រូវតម្លៃថ្លៃតាមអំពើចិត្តឡើយ។
លោកបានបន្តថា «បើទីតាំងលក់ដូររបស់បងប្អូន មានអនាម័យបរិស្ថានល្អ តម្លៃសមរម្យ ភ្លៀវទេចរណ៍ជាតិ និងអន្តរជាតិនឹងមកកំសាន្តកាន់តែច្រើនឡើង»។
ក្នុងនោះលោក ហាក់ ឡេង បានចេញសេចក្តីជូនដំណឹង ដល់អាជីវករលក់នៅតាមតំបន់ឆ្នេរដោយមានខ្លឹមសារថា «ហាមឃាត់មិនឲ្យអាជីវករ បោះបង្គោលព្រំដី ការទិញ-លក់ដីចំណីឆ្នេរ ការជួលបន្ត ការចាក់បំពេញអាចម៍ដី ការសាងសង់តូបលក់ដូរ ការសាងសង់សំណង់អំពីបេតុងរឹងមាំ ការកាប់បំផ្លាញដើមឈើ នៅលើដីចំណីឆ្នេរសមុទ្រប៉ាក់ខ្លង។ ហើយលោកសូមឲ្យបងប្អូន ជួយថែរក្សាសម្បត្តិធម្មជាតិទាំងអស់គ្នា មិនត្រូវបំផ្លាញជាដាច់ខាត»៕