(កំពង់ចាម)៖ រថយន្ដដឹកឈើគ្រញ៉ូងមួយគ្រឿង ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បង្ក្រាបបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងភូមិសាស្រ្ត ភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ លោកបានបញ្ជាឲ្យកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោក។

បើតាមលោកឧត្តមសេនីយ៍ស្នងការ រថយន្ដដែលកម្លាំងនគរបាលរបស់លោកបង្ក្រាបបាននេះ ម៉ាក Highlander ពណ៌ស ស្លាកលេខត្បូងឃ្មុំ2A-9216 និងឈើប្រណិតគ្រញ៉ូង ចំនួន៤១ដុំ ស្មើ២៤១គីឡូ ចំណែកម្ចាស់រត់គេចខ្លួនបាត់។

ក្រោយប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានប្រគល់វត្ថុតាងជូន ជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី៕