(ភ្នំពេញ)៖​ ប្រទេសកម្ពុជា​ និងប្រទេស​រុស្ស៊ី​ នាថ្មីៗនេះ​ បានចុះកិច្ចព្រមព្រៀង​លេីពិធីសារស្ដីពីកិច្ចសហប្រតិបត្តិការរវាង​ គណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោតរុស្សុី និង គ.ជ.បកម្ពុជា​។ នេះបេីតាម​ លោក​ ឌឹម​ សុវណ្ណរុំ​ ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​ Fresh News នៅថ្ងៃនេះ​។

កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃពិធីសារនេះ បានធ្វេីឡេីង​នៅថ្ងៃទី១៧​ ខែមីនា​ ដែលត្រូវអនុវត្តដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នា សមភាព មានផលប្រយោជន៍ទៅវិញទៅមក ការគោរព និងការប្រតិបត្តិតាមច្បាប់រដ្ឋរបស់ភាគីនីមួយៗ​។

គោលបំណងនៃពិធីសារនេះគឺដើម្បីពង្រឹងច្បាប់បោះឆ្នោត និងការអនុវត្តជាក់ស្ដែងក្នុងការត្រៀមរៀបចំការបោះឆ្នោត ដោយយកចិត្តទុកដាក់លើសកម្មភាព ដូចខាងក្រោម៖

* សកម្មភាពនៃស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីធានាសម្រេចឱ្យបាននូវសិទ្ធិបោះឆ្នោត
បង្កើនកម្រិតវិជ្ជាជីវៈរបស់ស្ថាប័នរៀបចំការបោះឆ្នោត ព្រមទាំងសិទ្ធិស្របច្បាប់របស់អ្នកបោះឆ្នោត

* ធានាសិទ្ធិរបស់ភាគីពាក់ព័ន្ធក្នុងដំណើរការរៀបចំការបោះឆ្នោត ដំណើរការឃោសនាបោះឆ្នោត ដោយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមហាជន

* ការផ្ដល់ហិរញ្ញប្បទានសម្រាប់ដំណើរការបោះឆ្នោត ពោលគឺយន្តការច្បាប់ និងការរៀបចំដើម្បីរក្សាឱ្យបាន និងគ្រប់គ្រងដំណើរការបោះឆ្នោត

* ការអភិវឌ្ឈ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប សម្រាប់ការបោះឆ្នោត និងបច្ចេកវិទ្យាព័ត៌មានវិទ្យាផ្សេងទៀត ព្រមទាំងប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការចុះឈ្មោះ ការរក្សាគណនីព័ត៌មាន និងការកំណត់អត្តសញ្ញាណអ្នកបោះឆ្នោត បរិក្ខារ សម្ភារ និងម៉ាសុីនក្នុងការធានារក្សាឱ្យបាននូវដំណើរការបោះឆ្នោត

*ការរៀបចំបោះឆ្នោតក្នុងតំបន់ដាច់ស្រយាល៕